ថ្នាក់ដឹកនាំសាកលវិទ្យាល័យណាហ្គោយ៉ា និងក្រសួងកសិកម្ម ពិភាក្សា គ្នាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនៃការបណ្តុះបណ្តលធនធានមនុស្ស
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូ ដែលអញ្ជើញមកពីសាកលវិទ្យាល័យណាហ្គោយ៉ា នៃប្រទេសជប៉ុន ដឹកនាំដោយ លោក សាតូរូ ត្សូជីកាវ៉ា( Satoru TSUCHIKAWA )។
ប្រភពក្រសួងកសិកម្មបានបញ្ជាក់ថាក្នុងជំនួបកាលពីរសៀលថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២២នៅទីស្តីការក្រសួងនេះ ភាគីទាំងពីរបានពិភាក្សាគ្នា អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃការបណ្តុះបណ្តាល ធនធានមនុស្ស ដែលជាមន្រ្តីជំនាញក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលអនាគត ទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រទេសជាតិក្នុងការកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាពិសេសវិស័យកសិកម្ម។
លោក Satoru TSUCHIKAWA បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី ដោយសង្ខេបផងដែរអំពីរចនាសម្ព័ន្ធការអប់រំរបស់សាកលវិទ្យាល័យណាហ្គោយ៉ា កម្មវិធិសិក្សាថ្នាក់បណ្ឌិតដែលកំពុងដំណើរការលក្ខខណ្ឌ នៃការជ្រើសរើសនិស្សិតដើម្បីផ្តល់អាហារូបករណ៍។ល។
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណជូនចំពោះ សាកល វិទ្យាល័យណាហ្គោយ៉ា ដែលបានគិតគូ យកចិត្តទុកដាក់ និងបន្តពង្រឹង កិច្ចសហការយ៉ាងល្អប្រសើរក្នុងការផ្តល់អាហារូបករណ៍ជូនដល់មន្រ្តី ដើម្បីបន្តការសិក្សាទៅតាមជំនាញនីមួយៗ និងឆក់យកឱកាសបង្កើន ចំណេះដឹង និងបទពិសោធន៍ល្អៗបន្ថែមទៀតទាក់ទងវិស័យកសិកម្ម ឲ្យស្របទៅតាមនិន្នាការកើនឡើងនៃសេចក្តីត្រូវការធនធានមនុស្ស ការប្រកួតប្រជែងទីផ្សារនាំចេញ ការប្រើប្រាស់បច្ចេកវិទ្យាសមស្រប ការកែច្នៃកសិផលដើម្បីបង្កើនតម្លៃបន្ថែម និងការកសាងហេដ្ឋា រចនាសម្ព័ន្ធគាំទ្រ លើខ្សែច្រវាក់ផលិតកម្ម។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីជប៉ុនពិចារណាលើប្រធានបទសំខាន់ៗសម្រាប់និស្សិតធ្វើការសិក្សាស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅ ដើម្បី ឈានទៅធ្វើការដោះស្រាយបញ្ហាឲ្យកាន់តែមាន ប្រសិទ្ធភាព ដែលកម្ពុជាកំពុងប្រឈមមានដូចជា៖ ការការពារនូវការបាត់បង់ គុណភាពដីផ្នែកស្រទាប់លើ ផលប៉ះពាល់បណ្តាលមកពីការប្រែប្រួល អាកាសធាតុលើផលិតកម្មដំណាំ និងសត្វ ផលប៉ះពាល់លើធនធាន ធម្មជាតិ ក្នុងបឹងទន្លេសាបបណ្តាលមកពីកម្ពស់ទឹក ទន្លេមេគង្គមិនទៀង ទាត់ ផលិតភាពផលិតកម្មដំណាំនៅតំបន់ខ្ពង់រាប ពិសេសខេត្ត មណ្ឌលគីរី (ដំឡូងជ្វាផ្អែមជប៉ុន)។ល។
ភាគីជប៉ុនបានទទួលយកសំណើនេះទៅពិចារណាដើម្បីធ្វើការសិក្សាស្រាវជ្រាវរួមគ្នា នាពេលអនាគត៕ ដោយ៖ ជា សេឌី




