ថៃ៖ អ្នកជំងឺកូវីដត្រូវធ្វើចត្តាឡីស័កគ្រប់១០ថ្ងៃ បើមិនចង់ឲ្យផ្ទុះរលកថ្មី
បាងកក៖ ក្រសួងសុខាភិបាលថៃបានជំរុញដល់អ្នកដែលបាន ឆ្លងកូវីដ១៩ ហើយធ្វើចត្តាឡីស័កខ្លួនឯងនោះ ត្រូវតែធ្វើឲ្យបាន១០ថ្ងៃ ជាការអំពាវនាវក្រោយពេលមានសេចក្តីរាយការណ៍ថា អ្នកជំងឺខ្លះ មិនបានធ្វើបែបនេះទេ នាំឲ្យមានហានិភ័យ។
វេជ្ជបណ្ឌិត Rungrueng Kitphati អ្នកនាំពាក្យក្រសួង សុខាភិបាល បាននិយាយថា អ្នកគ្រប់គ្នាត្រូវតែប្រុងប្រយ័ត្នខ្លាំងបំផុត ដើម្បីទប់ស្កាត់ កុំឲ្យរលកធំថ្មី នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ជាពិសេស អ្នកជំងឺ សម្រាកព្យាបាល ដែលមានរោគសញ្ញាស្រាល ឬ គ្មានចេញរោគសញ្ញា ត្រូវតែដាក់ខ្លួននៅដោយចឡែក ក្នុងផ្ទះ យ៉ាងតិច ១០ថ្ងៃ ហើយប្រសិន បើពួកគេចាកចេញពីផ្ទះ ដូចជាធ្វើដំណើរទៅពេទ្យ ជាដើម ពួកគេត្រូវតែ ពាក់ម៉ាស។ នេះបើតាមអ្នកនាំពាក្យដដែលបញ្ជាក់។
ទន្ទឹមនេះនៅព្រឹកថ្ងៃទី១៦ កក្កដា ២០២២នេះ ថៃបានរាយការណ៍ ពីករណីកូវីដ១៩ថ្មី ជាងពីរពាន់នាក់ និងស្លាប់មនុស្ស ២០នាក់ទៀត ដោយសារជំងឺនេះ ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។
ថ្មីៗនេះ ក៏មានអ្នកជំនាញអះអាងថា តាមពិតតួលេខឆ្លងប្រចាំថ្ងៃនៅថៃ អាចច្រើនជាងរបាយការណ៍ក្រសួងសុខាភិបាលទៀត បើគិតទាំងអ្នក ជំងឺ មិន ចេញរោគសញ្ញា ឬកម្រិតស្រាលៗនោះ៕ ប្រែសម្រួលដោយ៖ សារ៉ាត





