ភ្លើងឆេះព្រៃដ៏កំណាចបង្ខំឱ្យមនុស្សប្រមាណ ១ម៉ឺននាក់ភៀសខ្លួននៅភាគនិរតីប្រទេសបារាំង
ប៉ារីស៖ ទូរទស្សន៍ BFMTV របស់បារាំងបានរាយការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះថា ភ្លើងឆេះព្រៃដែលកំពុងឆាបឆេះនៅភាគនិរតីនៃប្រទេសបារាំង ចាប់តាំងពីថ្ងៃអង្គារមក បានបង្ខំឱ្យជម្លៀសមនុស្សចំនួន ១០,០០០នាក់ទៅកាន់ទីសុវត្ថិភាព និងបានដុតបំផ្លាញផ្ទៃដីចំនួន ៧,៣០០ហិកតា។
អណ្តាតភ្លើងបានឆាបឆេះនៅលើផ្ទៃដីទំហំ ៤,២០០ហិកតានៅក្នុងទីក្រុង Landiras ដែលជាទីក្រុងមានចម្ងាយ ៤០គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Bordeaux និង ៣,១០០ហិកតានៅក្នុងទីក្រុង La Teste-de-Buch ដែលមានចម្ងាយ ៧០គីឡូម៉ែត្រពីទីក្រុង Landiras។ នេះបើតាមទូរទស្សន៍ BFMTV បានដកស្រង់សម្តីរបស់អាជ្ញាធរតំបន់ Nouvelle-Aquitaine ។
នៅទីក្រុង La Teste-de-Buch ភ្លើងបានបំផ្លាញផ្ទះ ៧ខ្នង និងទូកមួយចំនួន។ បណ្តាញសារព័ត៌មានបានរាយការណ៍ថា អ្នកពន្លត់អគ្គីភ័យប្រហែល ១០០នាក់នៅតែធ្វើការនៅកន្លែងអគ្គីភ័យឆាបឆេះ នៅថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែខ្យល់បក់ខ្លាំង និងសីតុណ្ហភាពខ្ពស់នៅតែបន្តកើតមាន ដែលមិនអំណោយផលដល់ប្រតិបត្តិការពន្លត់អគ្គីភ័យឡើយ។
ប្រភពខាងលើនេះបានឱ្យដឹងទៀតថា អ្នកពន្លត់អគ្គីភ័យប្រហែល ១,១០០នាក់បាននិងកំពុងប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើងនៅភាគខាងត្បូងនៃទីក្រុង Avignon ភាគខាងត្បូងប្រទេសបារាំង ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
ភ្លើងបានឆាបឆេះនៅលើផ្លូវរថភ្លើង ហើយបានរាលដាលទៅក្នុងព្រៃ ឆ្ពោះទៅកាន់ទីក្រុង Tarascon ខណៈដែលផ្ទៃដីប្រហែល១,០០ហិកតាត្រូវភ្លើងឆេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា




