រថយន្ត ៣គ្រឿង បុកបន្តកន្ទុយគ្នា បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ រថយន្តចំនួន ៣គ្រឿង បើកបុកបន្តកន្ទុយគ្នាទាំងព្រឹក បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១០ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវ មហាវិថីសហព័ន្ធរុស្សុី ត្រង់ចំណុចភ្លើងស្តុបមុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលមានគ្រោះថ្នាក់កើតឡើង គេបានឃើញរថយន្តទាំង ៣គ្រឿង បើកបរធ្វើដំណើរ ក្នុងទិសដៅស្របគ្នា ពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ដោយសារតែភ្លើងស្តុបលោតក្រហម រថយន្តម៉ាកអុីស៊ុយហ៊្សុយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-3137 បានឈប់ បន្ទាប់មករថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-8609 ក៏បានឈប់នៅពីក្រោយដែរ ខណៈពេលនោះ ក៏ស្រាប់តែមានរថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ដឹកកញ្ចក់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-2496 (ជាអ្នកបង្ក) បើកលឿនអត់ព្រមឈប់ ទើបជ្រុលមកបុកពីក្រោយរថយន្តហាយឡេនឌ័រ រុញផ្ទប់ពីក្រោយរថយន្តម៉ាកអុីស៊ុយហ៊្សុយពេញទំហឹង បណ្ដាលឱ្យរងការខូចខាតទាំង ៣គ្រឿងយ៉ាងដំណំ ប៉ុន្តែរថយន្តហាយឡេនឌ័រខូចខាតខ្លាំងជាងគេ។ តែសំណាងល្អ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍កាកាបទី២ បានចុះមកដល់ទីតាំងកន្លែងកើតហេតុខាងលើ ដើម្បីមកសម្រួលចរាចរណ៍ មិនឱ្យមានការកកស្ទះ រួចឱ្យភាគីម្ចាស់រថយន្តទាំង ៣គ្រឿង ធ្វើការសម្របសម្រួលគ្នា។ ពេលនោះ ខាងម្ចាស់រថយន្ដដឹកកញ្ចក់ ដែលជាអ្នកបង្កហេតុ ក៏យល់ព្រមសងចេញសំណងថ្លៃជួសជុលទៅខាងភាគីរថយន្តម៉ាកហាយឡេនឌ័រ និងរថយន្តម៉ាកអុីស៊ុយហ៊្សុយបញ្ចប់រឿង នៅកន្លែងកើតហេតុតែម្ដង៕ ដោយ ៖ ឆៃហួត និងប៊ុនធី









