សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចាត់តំណាងនាំយកសារលិខិតរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោកជំទាវ អ៊ូ វាសនា ភរិយាឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកជំទាវ សាយ ចាន់ណាក់ នាយិការរងខុទ្ទកាល័យ ជាតំណាងនាំយកសារលិខិតរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោកជំទាវ អ៊ូ វាសនា ភរិយាឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅគេហដ្ឋានតាមបណ្តោយផ្លូវលេខ២៤២ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ក្នុងសារលិខិតមានខ្លឹមសារថា ៖ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ជាទីរាប់អាន ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំចំពោះមរណភាព លោកជំទាវ អ៊ូ វាសនា ត្រូវជាភរិយារបស់ ឯកឧត្តម នៅថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០:៣៥នាទី ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។

ខ្ញុំសូមចូលរួមរំលែកទុក្ខ និងស្រណោះអាឡោះអាល័យជាមួយឯកឧត្តម កូនៗ និងចៅៗ ចំពោះ ការបាត់បង់ លោកជំទាវ អ៊ូ វាសនា ជាភរិយារបស់ឯកឧត្តម ប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃសម្រាប់កូន កូនប្រសារ ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់។ រូបកាយរបស់ លោកជំទាវ អ៊ូ វាសនា បានបាត់បង់ទៅមែនពិត ប៉ុន្តែបានបន្សល់នូវអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរ ភាពតស៊ូអំណត់ព្យាយាម នៅដក់ជាប់មនោសញ្ចេតនា ឯកឧត្តមជាស្វាមី បុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

សូមដួងវិញ្ញាណក្ខន្ធ លោកជំទាវ អ៊ូ វាសនា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាចែករំលែកទុក្ខដ៏ក្រៀមក្រំ ពីខ្ញុំ ។

សូមបញ្ជាក់ថា ៖ លោកជំទាវ អ៊ូ វាសនា ភរិយាឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានទទួលមរណៈភាពនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០៖៣៥នាទី ដោយរោគាពាធ ៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner