ឯកឧត្តម ណុប ចាន់ណារិន្ទ នាំសារលិខិតរំលែកទុក្ខ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខ័ន្ធ ភរិយាឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍
ភ្នំពេញ៖ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋរដ្ឋមន្ត្រី បាននាំយកសារលិខិត ជូនចំពោះឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ក្នុងគោលបំណងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាព លោកជំទាវ អ៊ូ វាសនា សូ ម៉ារ៉ា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០៖៣៥នាទី ដោយរោគាពាធ។
នៅក្នុងខ្លឹមសារលិខិតរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា តាងនាមថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង ក្នុងនាមខ្ញុំផ្ទាល់ មានក្តីរន្ធត់ក្ដុកក្ដួលយ៉ាងពន់ពេកខណៈពេលបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកជំទាវ អ៊ូ វាសនា ដែលត្រូវជាភរិយារបស់ឯកឧត្តម បានទទួលមរណភាពនាថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០០:៣៥នាទី ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ លោកជំទាវ អ៊ូ វាសនា គឺជាការបាត់បង់នូវភរិយា ម្តាយ ម្តាយក្មេក និងជីដូនប្រកបដោយ ព្រហ្មវិហារធម៌ជាទីគោរពស្រឡាញ់របស់កូន និងចៅៗ ដោយមួយជីវិតរបស់ លោកជំទាវ អ៊ូ វាសនា បានលះបង់ អស់កម្លាំងកាយ ចិត្ត ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗដល់កូន ចៅៗឱ្យក្លាយទៅជាពលរដ្ឋល្អ នៅក្នុងសង្គមជាតិ និងបានខិតខំកសាងនូវកុសលនានា។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដោយក្ដីសោកសង្រេងបំផុតជាមួយ ឯកឧត្តម ព្រមទាំង ក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ អ៊ូ វាសនា បានទៅសោយសុខក្នុងឋាន សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ទន្ទឹមនឹងការប្រគល់ជូនសារលិខិតរំលែកមរណ:ទុក្ខជូនចំពោះឯកឧត្តម សូ ម៉ារ៉ា រួចមក ឯកឧត្តម ណុប ចាន់ណារិន្ទ និងប្រតិភូ បានអុចធូប គោរពវិញ្ញាណក្ខ័ន្ធនៃសព និងបាននាំយកបច្ច័យរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចំនួន៤លានរៀល ដើម្បីចូលរួមក្នុងពិធីបុណ្យតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ៕ ដោយ៖ គ្រី សម្បត្តិ









