វៀតណាមខាតបង់ ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ព្រោះមិនកែច្នៃប្លាស្ទិក
ហាណូយ៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បាននិយាយ កាលពីថ្ងៃសុក្រទី១៦ កក្កដាថា ប្រទេសវៀតណាម “ខ្ជះខ្ជាយ” ប្រហែល ៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយការមិនកែច្នៃសំណល់ប្លាស្ទិក។
លោកស្រី Caitlin Wiesen អ្នកតំណាង UNDP ប្រចាំប្រទេស បាននិយាយថា វៀតណាមបញ្ចេញកាកសំណល់ប្លាស្ទិកប្រហែល ១៩០០០ តោនក្នុងមួយថ្ងៃ។ លោកស្រីបានបន្ថែមថា នៅតំបន់សមុទ្រមួយចំនួន សម្រាប់រាល់បីផ្នែកនៃត្រី ដែលជាប់សំណាញ់ ដោយសកម្មភាពនេសាទ មានមួយផ្នែកនៃកាកសំណល់ប្លាស្ទិកដែលមកជាមួយ។
ប្រភពបន្តថា ដើម្បីជួយវៀតណាមប្រើប្រាស់កាកសំណល់រឹងជាធនធានដ៏មានសក្តានុពល អង្គភាពបរិស្ថានសកល និងរដ្ឋាភិបាលន័រវេសនឹងផ្តល់ថវិកាចំនួន ២លានដុល្លារ ដើម្បីចាប់ផ្តើមគម្រោងគាំទ្រការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទុកដាក់សំរាមប្លាស្ទិកក្នុងសមុទ្រក្នុងបរិបទនៃគម្រោងបៃតង ស្តារឡើងវិញក្រោយ Covid-19 ។
គម្រោងមានគោលបំណងប្រមូលសំរាមផ្លាស្ទិករហូតដល់ ២២០តោនក្នុងមួយឆ្នាំ នៅផ្សារទំនើប និងបង្កើតកន្លែងប្រមូលផ្ដុំនៅតាមសង្កាត់ធំៗ ដោយដាក់សំណាញ់ក្នុងកាកសំណល់ប្លាស្ទិកកែច្នៃពី ២០ទៅ ១០០តោន ក្នុងមួយថ្ងៃ៕ ប្រភពពី VNexpress , ប្រែលសម្រួលដោយ៖ សារ៉ាត





