ប្រធានាធិបតីតួកគីព្រមានថា តួកគីនឹងផ្អាកដំណើរការចូលណាតូរបស់ហ្វាំងឡង់-ស៊ុយអែត ប្រសិនបើពួកគេក្បត់សន្យាប្រឆាំងភេរវកម្ម
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ នៅថ្ងៃចន្ទសប្តាហ៍នេះថ្លែងថា ប្រទេសរបស់លោកនឹងផ្អាកដំណើរការចូលជាសមាជិកអង្គការណាតូរបស់ហ្វាំងឡង់ និងស៊ុយអែត ប្រសិនបើពួកគេមិនរក្សាការសន្យាស្តីពីការប្រឆាំងនឹងភេរវកម្ម។
លោក អឺដូហ្គាន់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងរដ្ឋធានីអង់ការ៉ា ថា សម្រាប់ពេលនេះ ស៊ុយអែតមិនបង្ហាញសកម្មភាពល្អទេ… ខ្ញុំចង់រំលឹកអ្នកថា យើងនឹងផ្អាកដំណើរការនេះ ប្រសិនបើពួកគេមិនចាត់វិធានការចាំបាច់ ដើម្បីបំពេញតាមលក្ខខណ្ឌរបស់យើង។
លោកថា ជំហររបស់យើងគឺច្បាស់លាស់ណាស់។ ប្រទេសសមាជិកចំនួន ៣០ របស់អង្គការណាតូបានចុះហត្ថលេខាលើពិធីសារចូលជាសមាជិកសម្រាប់ស៊ុយអែត និងហ្វាំងឡង់កាលពីដើមខែកក្កដា ដោយចាប់ផ្តើមដំណើរការ ដើម្បីទទួលយកប្រទេស Nordic ទាំងពីរចូលទៅក្នុងសម្ព័ន្ធភាពយោធានេះ។
ជំហានបន្ទាប់គឺសម្រាប់សភានៃសមាជិកណាតូទាំងអស់ ធ្វើសច្ចាប័នលើការចូលជាសមាជិកណាតូ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៨ ខែមិថុនា តួកគី ស៊ុយអែត និងហ្វាំងឡង់បានព្រមព្រៀងគ្នាលើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) មុនពេលទីក្រុងអង់ការ៉ាដកវេតូរបស់ខ្លួនមុនកិច្ចប្រជុំកំពូលណាតូ នៅទីក្រុងម៉ាឌ្រីដ។
នៅក្នុងពិធីចុះអនុស្សរណ:នោះ ហ្វាំងឡង់-ស៊ុយអែតបានសន្យាថា នឹងគាំទ្រការប្រយុទ្ធប្រឆាំងនឹងភេរវកម្មរបស់តួកគី ហើយបានយល់ព្រមដោះស្រាយសំណើការនិរទេសដែលកំពុងរង់ចាំ ឬការធ្វើបត្យាប័នជនសង្ស័យភេរវករឱ្យបានឆាប់រហ័ស និងហ្មត់ចត់៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា



