ក្រសួងការងារ ជូនដំណឹងពីការធ្វើជំរឿន និងផ្ទៀងផ្ទាត់ទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងមួយដោយបាន ក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជា ផ្នែកមួយនៃលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅតាមរោងចក្រ សហគ្រាស ។
ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០២២នេះ ក្រសួងការងារបានបញ្ជាក់ ដោយជំរុញឱ្យដល់ថ្នាក់គ្រងគ្រងរោងចក្រ សហគ្រាស សហការជាមួយអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត និង ណែនាំបងប្អូនកម្មករនិយោជិតឱ្យទៅចាក់វ៉ាក់សាំងដូសជំរុញ ព្រមទាំងត្រូវបំពេញព័ត៌មាននៃការចាក់វ៉ាក់សាំង ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារតាមរយៈគេហទំព័រ https://acms.mlvt.gov.kh។
ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានរោងចក្រ សហគ្រាស ចំនួនកម្មករនិយោជិត តាមរយៈគេហទំព័រខាងលើ និងរៀបចំបង្កើតក្រុមការងារសុវត្ថិភាពនិងសុខភាពការងារប្រចាំរោងចក្រ សហគ្រាស ឱ្យបានត្រឹមត្រូវ។ សម្រាប់ព័ត៌មានបន្ថែម ម្ចាស់ ឬនាយករោងចក្រ សហគ្រាសអាចសាកសួរព័ត៌មានក្នុងក្រុម “សម្រាប់និយោជក” តាមរយៈតេឡេក្រាម https://t.me/Fmployer hat ។
អធិការការងារ នឹងចុះត្រួតពិនិត្យទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត បច្ចុប្បន្នភាពព័ត៌មាន រោងចក្រ សហគ្រាស និងចំនួនកម្មករនិយោជិត ព្រមទាំងការបង្កើតក្រុមការងារសុវត្ថិភាព និងសុខភាពការងារ ប្រចាំរោងចក្រ សហគ្រាស ។ ក្នុងករណីម្ចាស់ ឬនាយករោងចក្រ សហគ្រាសមិនបានអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ ត្រូវចាត់ទុកថាល្មើសនឹងមាត្រា ៣៨២ នៃច្បាប់ស្ដីពីការងារ ដែលត្រូវទទួលរងការពិន័យ និងចាត់វិធានការតាមផ្លូវច្បាប់ពីអធិការការងារ ៕ ដោយ៖ម៉ាដេប៉ូ


