ជនសង្ស័យ ៤នាក់ក្នុងចំណោមបក្ខពួក ១០នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូ
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងចំណោមបក្ខពួក ១០នាក់ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ នៅមុខដីឡូត៍គ្មាន លេខផ្លូវ១១០ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១៧ កក្កដាឆ្នាំ២០២២ វេលាម៉ោង០៤និង២០នាទីទៀបភ្លឺ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះយុន គឹមហុង ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ម៉ូតូដែលត្រូវក្រុមចោរប្លន់យក ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1IN-5216 ។
ចំណែកជនសង្ស័យ ០៤នាក់រួមមាន ១-ឈ្មោះសុខ រ៉ាវី ភេទប្រុស អាយុ ២៤ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល, ២-ឈ្មោះវ៉ាន វីរៈបុត្រ ភេទប្រុសអាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ៣-ឈ្មោះសាន ស ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និង ៤-ឈ្មោះ សាន ពែក ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទាំង០៣នាក់ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ លទ្ធផលតេស្តិ៍ទឹកនោមជនសង្ស័យទាំង០៤នាក់ វិជ្ជមាន (មានសារធាតុញៀន)។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1IN-5216 មកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ១០នាក់ ឈ្មោះសុខ រ៉ាវី, ឈ្មោះ វ៉ាន វីរៈបុត្រ, ឈ្មោះសានស, ឈ្មោះសាន ពែក, ឈ្មោះហុង, ឈ្មោះពៀច, ឈ្មោះ17 និងបក្ខពួក០៣នាក់ទៀតមិនស្គាល់ឈ្មោះជិះម៉ូតូ០៥គ្រឿង (ម៉ាកហុងដា សេ១២៥ ០៣គ្រឿង, ម៉ាក Suzuki Nex ពណ៌សលាយទឹកក្រូច ០១គ្រឿង, ម៉ាកSuzuki Let’s ០១គ្រឿង) មកពីក្រោយធាក់ជនរងគ្រោះដួល រួចពួកជនសង្ស័យលើកយកម៉ូតូជនរងគ្រោះជិះគេខ្លួន ។
សមត្ថកិច្ចបន្តទៀតថា លុះដល់ថ្ងៃទី ១៨កក្កដា ឆ្នាំ២០២២ ម៉ោង០៩និង៣០នាទី សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ាន វីរៈបុត្រ នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី។រហូតដល់ម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល សមត្ថកិច្ចខណ្ឌច្បារអំពៅ សហការជាមួយប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ ០៣នាក់ថែមទៀត ឈ្មោះ សាន ស, ឈ្មោះ សាន ពែក និងឈ្មោះ សុខ រ៉ាវី នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ដកហូតម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1L-5310 (ជិះធ្វើសកម្មភាព) ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង ៤នាក់បានបញ្ជូនមកអធិការដ្ឋាន ប៉ូលិសខណ្ឌច្បារអំពៅ ធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា
