បាតុកម្មតវ៉ាដ៏ហិង្សានៅតែបន្តក្នុងប្រទេសអ៊ីរ៉ាក់ ស្របពេលចំនួនអ្នកស្លាប់កើនឡើង ដល់៦០នាក់ និងជាង១ពាន់នាក់របួស
អ៊ីរ៉ាក់៖ បាតុកម្មតវ៉ាដ៏ហិង្សាប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងប្រទេសអ៊ីរ៉ាក់ នៅតែបន្តផ្ទុះឡើងយ៉ាងកក្រើកដដែលនៅថ្ងៃសុក្រសប្តាហ៍នេះ ស្របពេលដែលតួលេខជនរងគ្រោះបាត់បង់ជីវិតដោយសារបាតុកម្មដ៏ក្តៅគគុក អស់រយៈពេល៤ថ្ងៃមកនេះ បានកើនឡើងដល់៦០នាក់ និងមនុស្ស១,១៨៨នាក់ទៀតរងរបួស រីឯមនុស្សរាប់សិបនាក់ទៀតត្រូវចាប់ខ្លួន។

ឧត្តមស្នងការសិទ្ធិមនុស្សប្រចាំនៅអ៊ីរ៉ាក់ នាថ្ងៃព្រហស្បតិ៍តនេះបានបញ្ជាក់ថា បាតុកម្មដែលបានចាប់ផ្តើមផ្ទុះឡើងចាប់តាំងពីថ្ងៃអង្គារសប្តាហ៍នេះ ក៏បានធ្វើឱ្យមនុស្សរងរបួសកើនដល់១,១៨៨នាក់ផងដែរ ហើយវាកំពុងបន្តរីករាលដាលកាន់ខ្លាំងនៅក្នុងរដ្ឋធានីបាកដាដ ដើម្បីប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់។ ក្រុមបាតុករទាំងនេះ នាំគ្នាធ្វើបាតុកម្មតវ៉ាដើម្បីទាមទារឲ្យរំលាយរដ្ឋាភិបាល និងសម្ដែងការខឹងសម្បារចំពោះអំពើពុករលួយ វិបត្តិគ្មានការងារធ្វើ ព្រមទាំងទាមទារជីវិតរស់នៅតាមបែបស្ដង់ដារសមរម្យ។

ឆ្លើយតបនឹងបញ្ហាខាងលើ អាជ្ញាធរអ៊ីរ៉ាក់បានដាក់ចេញបម្រាមគោចរនៅទីក្រុងបាកដាដ និងតំបន់មួយចំនួនទៀត ហើយថែមទំាងបានបិទបណ្តាញអ៊ីនធើណិតនៅទូទាំងរដ្ឋធានីនេះ រួមជាមួយតំបន់មួយចំនួនទៀត ដែលស្ថិតនៅភាគកណ្តាល និងភាគខាងត្បូងប្រទេស ចំណែកការឆ្លងព្រំដែនជាប់ប្រទេសអ៊ីរ៉ង់ ក៏ត្រូវបានផ្អាកផងដែរ៕ធ.ដ

