អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ មនុស្ស ៦៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន
ភ្នំពេញ ៖ យ៉ាងហោចណាស់ មានជនសង្ស័យ ៦៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៦៨នាក់នោះ មាន ២៩នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ ១៩ករណី និងជនសង្ស័យ ៣៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន ១៣ករណី។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះ កងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច បង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕ ដោយ ៖ ឆៃហួត និងប៊ុនធី
