ថ្នាក់ដឹកនាំខេត្តកណ្ដាល បើកវគ្គអប់រំវិជ្ជាជីវៈដល់អាជីវករលក់ដុំ និងលក់រាយ លើកទី២ ស្ដីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម
ខេត្តកណ្ដាល៖ អាជីវករលក់ដុំ និងរាយមកពីស្រុកចំនួន៩ ក្នុងខេត្តកណ្ដាល រួមជាមួយនឹងអាជីវករមកពីខេត្តតាកែវ និងរាជធានីភ្នំពេញចំនួន ៩៨នាក់ ទទួលបានវគ្គអប់រំវិជ្ជាជីវៈ ស្ដីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម ក្រុមអធិបតីភាព ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល លោក រ័ត្ន វិចិត្រ អនុប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម និងលោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាលនៅថកងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលាស្រុកកៀនស្វាយ ។
លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានឱ្យដឹងថា សម្រាប់វគ្គអប់រំសមត្ថភាពវិជ្ជាជីវៈនាពេលនេះ មានរយៈពេល ៥ថ្ងៃ ហើយមានគោលបំណងអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យកសិកម្ម និងការនាំចេញផលិតផលកសិកម្ម។ ផ្ដល់ចំណេះដឹងផ្នែកបទដ្ឋានគតិយុត្ត និងបច្ចេកទេសគ្រប់គ្រងថ្នាំកសិកម្ម នឹងជីកសិកម្មដល់អាជីវករ កាត់បន្ថយហានិភ័យដែលបង្កឡើងដោយការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្ម ធានាសន្តិសុខស្បៀង សុវត្ថិភាពស្បៀង សុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន។
លោកប្រធានមន្ទីរ បន្ថែមថា អាជីវករដែលមានបំណងប្រកបអាជីវកម្មជី និងថ្នាំកសិកម្ម តម្រូវអោយរៀនវគ្គអប់រំវិជ្ជាជីវៈ ស្ដីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម ដោយវិញ្ញាបនបត្រទទួលស្គាល់ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ទើបអាចប្រកបអាជីវកម្មបាន។
មានប្រសាសន៍ក្នុងវគ្គនេះដែរ ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា វគ្គនេះអនុលោមទៅតាមសេចក្ដីណែនាំរបស់ក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្ដីពីបែបបទ និងលក្ខខណ្ឌភ្ជាប់នៃការផ្ដល់សេវារដ្ឋបាលវិស័យកសិកម្ម និងរដ្ឋបាលរាជធានី ខេត្ត-ក្រុង។
ឯកឧត្ដមអភិបាលរងខេត្ត បន្តថា អាជីវករដែលទទួលបានវគ្គអប់រំនេះហើយ នឹងទទួលបានចំណេះដឹងច្បាប់ និងបច្ចេកទេសចៀសវាងក្លាយខ្លួនជាឃាតករដោយមិនដឹងខ្លួន។
ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានណែនាំដល់អាជីវករទាំងអស់ និងដេប៉ូលក់ដុំ លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម ត្រូវធ្វើការចែកចាយថ្នាំកសិកម្ម និងជីកសិកម្ម ចំពោះសាខាណាដែលមានលិខិតអនុញ្ញាតតែប៉ុណ្ណោះ។ ត្រូវសហការគ្នាឱ្យបានល្អជាមួយមន្ត្រីមានសមត្ថកិច្ច ដើម្បីទទួលយករាល់ការណែនាំទាំងឡាយរបស់សមត្ថកិច្ចជំនាញ ក្នុងដំណើរការអាជីវកម្មរបស់ខ្លួន និងបង្កលក្ខណៈងាយស្រួលចំពោះរាល់ប្រតិបត្តិការ ត្រួតពិនិត្យ និងអនុវត្តច្បាប់របស់មន្ត្រីនីតិកម្ម។
ឯកឧត្តម បន្ដទៀតថា អាជីវករត្រូវចេះណែនាំកសិករឱ្យច្បាស់លាស់ លើស្លាកសញ្ញាព័ត៌មានដែលមានបង្ហាញលើសំបកវេចខ្ចប់ថ្នាំកសិកម្ម និងជីកសិកម្ម។ ហាមលក់ថ្នាំកសិកម្ម និងជីកសិកម្ម ដែលនាំចូលដោយខុសច្បាប់គ្មានការទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ហាមលក់ថ្នាំកសិកម្មហាមឃាត់ ដែលមានចុះក្នុងបញ្ជីកសិកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។ ហាមលួចលាក់ ឬវេចខ្ចប់នូវថ្នាំកសិកម្ម និងជីកសិកម្មដោយគ្មានការអនុញ្ញាត។ ត្រូវចេះណែនាំដល់កសិករកុំឱ្យយកសម្បកវេចខ្ចប់ថ្នាំកសិកម្មមកប្រើប្រាស់ឡើងវិញនាំឱ្យប៉ះពាល់ដល់សុខភាពផងដែរ ៕ ដោយ-រ៉ាវុធ




