សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ១១នាក់ ក្នុងប្រត្តិបត្តការបង្ក្រាប រឹបអូសបានគ្រឿងញៀន ជាង ៤៤គីឡូក្រាម នៅទីតាំង ៥ផ្សេងៗគ្នា
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយចាប់ឃាត់ខ្លួនបានជនសង្ស័យ ១១នាក់ និងរឹបអូសគ្រឿងញៀន ជាង ៤៤គីឡូក្រាម នៅទីតាំងចំនួន ៥ផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ។ ប្រតិបត្ដិការនេះ អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
សូមបញ្ជាក់ថា ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ អ៊ិន សុង, លោកវរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរ និងមានការចូលរួម ពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ, លោក សំរិទ្ធ សុខុន ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន៥គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១ : នៅចំណុចសួនច្បារមាត់ទន្លេមុខវំាង ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកសារធាតុញៀនប្រមាណ១គីឡូ។ គោលដៅទី២ : នៅចំណុចខុនដូឃ្វីន បន្ទប់ជួលលេខ៦០២ជាន់ទី៦ ផ្លូវលេខ៣០៨ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងចាប់យកសារ ធាតុញៀនប្រមាណជាង ៣គីឡូ។ គោលដៅទី៣ : បានបន្តពន្លាតដែនដីទៅខេត្តបន្ទាយមានជ័យ នៅចំណុច មុខសណ្ឋាគារហាក់ហួត២ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ និងចាប់យកសារធាតុញៀន ២០កញ្ចប់ធំ ប្រមាណ ២០គីឡូក្រាម។ គោលដៅទីតាំងទី៤ : នៅចំណុច ផ្ទះ៨០៣ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀន៣កញ្ចប់ធំ ប្រមាណ ៣គីឡូក្រាម។ គោលដៅទី៥ : នៅចំណុចខ្ទមចំការ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងដកហូតថ្នាំញៀន ២០កញ្ចប់ធំ ប្រមាណ ២០គីឡូក្រាម ។
ជាលទ្ធផល ឃាត់ខ្លួនបានជនសង្ស័យចំនួន ១១នាក់ ៖ ទី១-ឈ្មោះ សុខ ទឹង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ។ ទី២-ឈ្មោះ សុខ គន្ធា ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ។ ទី៣-ឈ្មោះ ហេង សគុណ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ។ ទី៤-ឈ្មោះ តឿន សារុំ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ។ ទី៥-ឈ្មោះ ម៉ុត សុផុន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ។ ទី៦-ឈ្មោះ WEERAPHAT HUN GRATHANAPONGSORN ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិថៃ។ ទី៧-ឈ្មោះ សេង ឡាទី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ។ ទី៨-ឈ្មោះ សិត វិសាល ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ។ ទី៩-ឈ្មោះ ឆេង ឡាយ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ។ ទី១០-ឈ្មោះ SONGWAT BAU-SRI ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិថៃ។ និងទី១១-ឈ្មោះ LAM HONG PHUNG ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម។
វត្ថុតាងចាប់យកបានគ្រឿងញៀន ៖ កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ១គីឡូ និង៩៥២ក្រាម, មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៤២គីឡូ និង៨៥៨ក្រាម, អ៊ិចស្តាស៊ី (MDMA)ទម្ងន់សុទ្ធ ១០៦ក្រាម, សរុប ៤៤គីឡូ និង ៩១៦ក្រាម មធ្យោបាយសម្ភារៈចាប់យករថយន្ត ២គ្រឿង, ម៉ូតូ ២គ្រឿង, អាវុធខ្លី ១ដើម, គ្រាប់បែក ១គ្រាប់, ជញ្ជីងថ្លឹង ៣គ្រឿង និងទូរស័ព្ទដៃ ៧គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ រួមទាំងវត្ថុតាងចាប់យកបាន ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ដោយ ៖ ឆៃហួត





