អភិបាលរាជធានីភ្នំពេញអញ្ជើញចុះពិនិត្យមើលប្រឡាយទឹក ដើម្បីរិះរកវិធានការរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង នៅព្រឹក ថ្ងៃទី១៩ខែកក្កដានេះ បានចំណាយ ពេល ជាង៣ម៉ោងដោយ ថ្មើរជើង ក្នុងការដឹកនាំមន្ត្រីជំនាញ ដូចជា អាជ្ញាធរ ខណ្ឌមានជ័យនិង ខណ្ឌ ទួលគោក ចុះពិនិត្យ មើល ប្រឡាយ ទឹក ដើម្បីរិះរកវិធានការ រំដោះ ការលិច លង់ភូមិឋាន ប្រជាពលរដ្ឋ ដោយ ជំនន់ទឹកភ្លៀងនារដូវ វស្សានេះ។

ឯកឧត្តម ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌទាំងពីរ ដោយចាប់ផ្តើមចេញពីចំណុចស្ថានីយបូមទឹកបឹងទំពុន ខណ្ឌមានជ័យ ដើរតាមមាត់ប្រឡាយរហូតមកដល់ប្រឡាយបឹងសាឡាង ផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក ដោយបញ្ចប់ នៅម៉ោង ប្រមាណ ជាង១២ថ្ងៃត្រង់។

ក្នុងការចុះពិនិត្យមើលប្រឡាយទឹកនេះឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ សហការគ្នា ធ្វើយ៉ាងណាស្ដារប្រឡាយបឹងទំពុន ប្រឡាយស្ទឹងមានជ័យនិង ប្រឡាយបឹងសាឡាងឱ្យបានលឿន ដើម្បីបង្ការ ក៏ដូចជាអាច រំដោះ ទឹកបាននារដូវវស្សានេះ។ ពិសេសនៅប្រមាណបីទៅបួន ថ្ងៃខាង មុខ។នេះ បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមថា នៅរាជធានីភ្នំពេញអាចនឹងមានភ្លៀងធ្លាក់ខ្លាំង។ដូចនេះយើងត្រូវ តែត្រៀមលក្ខណៈដើម្បីទប់ទល់កុំអោយលិចលង់ខ្លាំងដោយជំនន់ទឹកភ្លៀងនេះ។

គួរបញ្ជាក់ថា នៅពេលនេះ ក្រុមការងារនៃមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹក និង ឧតុនិយមរាជធានីភ្នំពេញ បាននិងកំពុងកាយ ស្តារប្រឡាយបឹងទំពុន យ៉ាងមមាញឹក៕
ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner