សហរដ្ឋអាម៉េរិក បញ្ចេញយន្តហោះអវកាស X-37B ដែលមានសមត្ថភាពពិសេស ក្នុងការទប់ទល់នឹងសត្រូវ
សហរដ្ឋអាម៉េរិក៖ អតីតមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកគ្រប់គ្រងស្ថាប័នកងទ័ពអាកាស ចំណុះឲ្យក្រសួងការពារជាតិអាម៉េរិក លោកស្រី ហ៊ីធើ វាលសុន បានធ្វើបទបង្ហាញពីយន្ដហោះអវកាសមួយទៅកាន់មនុស្សជាច្រើនកាលពីពេលថ្មីៗកន្លងទៅនេះ នោះគឺយន្ដហោះអវកាស X-37B។

លោកស្រី ហ៊ីធើ វាលសុន បានបង្ហើបឱ្យដឹងថា យន្ដហោះអវកាស X-37B អាចហោះតាមគន្លង ដែលមានរាងមូលដូចជាពងក្រពើ ហើយនៅពេលធ្វើដំណើរជិតបរិយាកាសផែនដីវិញ វាអាចសម្របទៅតាមបរិយាកាស ដែលវាកំពុងស្ថិតបានយ៉ាងល្អ។ ពោលគឺវាមានសមត្ថភាពពិសេស អាចធ្វើឱ្យសត្រូវវង្វេងរង្វាន់ដោយមិនដឹងថា តើអ្វីបានកើតឡើងឱ្យប្រាកដ នៅផ្នែកចំហៀងម្ខាងទៀតនៃភពផែនដី ពីទីកន្លែងដែលពួកគេកំពុងស្ថិតនៅ។

សូមជម្រាបថា យន្ដហោះអវកាស X-37B ត្រូវបានគេប្រទះឃើញកាលពីដើមខែកក្កដាកន្លងទៅ ដោយអ្នកអវកាសនៅក្នុងប្រទេសហូឡង់ ដែលចាប់បានផ្តិតជាប់រូបភាពយន្ដហោះនេះក្នុងគន្លងទាបនៃផែនដី។ យន្តហោះនេះត្រូវបានប្រទេសនានា ជាពិសេសចិន និងរុស្ស៊ី ចាប់អារម្មណ៍ជាខ្លាំង ខណៈវាត្រូវបានចាត់ទុកជាដំណើរដ៏រសើបមួយ ក្នុងការឈានទៅរកការបង្កើតកងទ័ពអវកាសអាម៉េរិក៕ធ.ដ

