នាយករដ្ឋមន្រ្តីថៃ ព្រមានចាប់ខ្លួនអ្នកបើកបរយានយន្តបញ្ចេញផ្សែងបំពុល ដែលបង្កឲ្យ ប៉ះពាល់ដល់បរិយាកាស
ថៃ៖ នាឱកាសចូលរួមពិធីបង្ហាញគោលនយោបាយរដ្ឋភិបាលទៅកាន់ក្រុមកសិករនៅសប្តាហ៍នេះ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចន្ទអូចា បានព្រមានចាប់ខ្លួនអ្នកបើកបរយានយន្តចាស់ ដែលមានផ្សែងហុយទៅបំពុលបរិយាកាស ហើយថា ម្ចាស់អាជីវកម្មដឹកជញ្ជូនក៏ត្រូវទទួលខុសត្រូវ ចំពោះការបំភាយផ្សែងពុល ដែលបណ្តាលពីពពួកយានយន្តចាស់ៗនេះផងដែរ។

ការព្រមានរបស់លោក ប្រាយុទ្ធ ធ្វើឡើងបន្ទាប់ពីកម្រិតល្អងធូលីក្នុងបរិយាកាសក្នុងទីក្រុងបាងកក និង ខេត្តជុំវិញបានកើនឡើងខ្ពស់ ហើយធ្វើឲ្យខ្យល់កាន់តែកខ្វក់ធ្ងន់ រហូតលោកប្រាប់ឲ្យប្រជាជន និង ទេសចរពាក់ម៉ាស់ពេលចេញក្រៅទៀតផង។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានការងារឧស្សាហកម្មថៃ លោក Prakob Vivitjinda បាននិយាយថា អាជ្ញាធរត្រៀមខ្លួនរួចជាស្រេច ក្នុងការចួលរួមជាមួយកងទ័ពអាកាស ដើម្បីលុបបំបាត់បញ្ហាបំពុលបរិយាកាស ដោយដាក់ពង្រាយឧបករណ៍វាស់កម្រិត PM២.៥ នៅតាមតំបន់ដែលមានរោងចក្រច្រើន និងបញ្ជូនក្រុមអធិការកិច្ចដើម្បីទៅជួយដោះស្រាយបញ្ហា។

លោក Prakob Vivitjinda បានបន្ថែមទៀតថា នាយកដ្ឋានក៏គ្រោងនឹងដំឡើងឧបករណ៍សម្អាតទឹកកខ្វក់បន្ថែមទៀត ដែលអាចកាត់បន្ថយការប្រើប្រាស់ទឹកជាង៥រយម៉ែត្រគូបជារៀងរាល់ថ្ងៃដើម្បីសម្អាតខ្យល់កខ្វក់។ ការដំឡើងឧបករណ៍នេះនាពេលកន្លងមក បានបង្ហាញថាវាទទួលបានជោគជ័យរួចទៅហើយ៕ធ.ដ
