រថយន្តលុចសុីស LX 470 បុករថយន្តCOROLA និងផ្លោងទៅបុកខឿនផ្លូវបន្ថែមបណ្ដាលឲ្យខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ រថយន្តម៉ាកToyota Corola មួយគ្រឿង ត្រូវរថយន្តលុចសុីសLX470 បុកពីចំហៀងនិងផ្លោងទៅបុកខឿនផ្លូវបន្ថែមទាំងបណ្ដាលឲ្យរងការខូចខាតស្ទើរទាំងស្រុង ឯតៃកុងរថយន្តCorola រងរបួសបែកចិញ្ចើមរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅនាគបាញ់ទឹក តាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Toyota Corola ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2X-4855 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមព្រះសីហនុ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក លុចសុីស LX 470 ពណ៌ស្ក ពាក់ផ្លាកលេខភ្នំពេញ 2AF-6265 ធ្វើដំណើរទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន រួចបុករថយន្តCorola ពីចំហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តCorola ខូចខាតចំហៀងស្ដាំនិងខាងមុខខ្ទេចស្ទើរទាំងស្រុង និងធ្វើឲ្យតៃកុងរថយន្តCorola របួសចិញ្ចើមធ្ងន់ផងដែរ ។
ក្រោយកើតហេតុ តៃកុងរថយន្ត Corola ដែលរងរបួស ត្រូវរថយន្តសាមុយដឹកយកទៅព្យាបាលបាត់ ។ ចំណែករថយន្តទាំងពីរគ្រឿងខាងលើ ត្រូវបានសមត្ថកិច្ចចាត់ឲ្យតំណាងម្ចាស់រថយន្តទាំងពីរមកធ្វើការសម្របសម្រួលគ្នា ។ ចុងក្រោយភាគីរថយន្តលុចសុីស LX470 ព្រមចេញថ្លៃខូចខាតឲ្យទៅភាគីរថយន្តCorola ដើម្បីបញ្ចប់រឿងនៅនិងកន្លែង ៕ ដោយ ៖ ជីម ភារ៉ា



