រថយន្ត Ford Ranger បើកលឿនជ្រុលបុករះបង្គោលថ្មនឹងលូ ផ្ទាំងថ្ម ក្រឡាប់ផ្ងារជើងម្ខាង
ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកFord Ranger មួយគ្រឿងសង្ស័យតៃកុងបើកលឿនផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលបុករះបង្គោលថ្ម លូ និងផ្ទាំងថ្ម នៅតាមចិញ្ចើមផ្លូវបណ្ដាលឲ្យដួលរលំនិងបែកបាក់រាយប៉ាយពេញផ្លូវ ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១២ និង ៥០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបុរីអង្គរ ស្ថិកក្នុងសង្កាត់ទួលសង្កែទី ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Ford Rancher មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-3198ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យតែតៃកុងបើកលឿនខណៈផ្លូវកោងបួងចង្កូតមិនទាន់បានរេមកខាងស្ដាំដៃក៍ជ្រុលបុករះបង្គោលថ្មជាច្រើនដើម លូ និងផ្ទាំងថ្ន នៅតាមចិញ្ចើមផ្លូវបណ្ដាលឲ្យដួល និងបែកបាក់រាយប៉ាយចំណែករថយន្តក្រឡប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ។ ភ្លាមនោះតៃកុងបានចេញពីរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា


