ក្រសួងអប់រំ រៀបចំពិធីអបអរសាទរទិវាគ្រូបង្រៀន ក្រោមប្រធានបទ «គុណភាពគ្រូជា មូលដ្ឋានគ្រឹះនៃយុគសម័យឌីជីថល»
ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន ក្រោមប្រធានបទ «គុណភាពគ្រូជាមូលដ្ឋានគ្រឹះ នៃយុគសម័យឌីជីថល»។
ពិធីនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ មានរយៈពេល០១ថ្ងៃ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមពីលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ សមាគមបុគ្គលិកសិក្សាខ្មែរ និងដៃគូអភិវឌ្ឍពាក់ព័ន្ធចំនួន១២០០នាក់។
ទិវាគ្រូបង្រៀន ០៥ តុលា ឆ្នាំ២០១៩នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងជាការដឹងគុណដល់គ្រូបង្រៀនទាំងអស់ ដែលបានលះបង់កម្លាំងចិត្ត កម្លាំងកាយក្នុងការបង្ហាត់បង្រៀនសិស្ស ប្រកបដោយការទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់។ តាមការគ្រោងទុក ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀន ឆ្នាំ២០១៩នេះ ក្រសួងនឹងរៀបចំកម្មវិធី ដូចខាងក្រោម៖
១)ប្រឡងប្រណាំង តែងនិពន្ធពានរង្វាន់សម្តេចព្រះសង្ឃរាជ ជួន ណាត និងស្លុតកំណាព្យ ពានរង្វាន់ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ។
២)ជ្រើសរើសវិទ្យាល័យ ចំនួន០៥ មានសិស្សទទួលបាននិទ្ទេស A ច្រើនជាងគេ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ ដើម្បីផ្តល់ជូនពានរង្វាន់ វិទ្យាល័យសិស្សពូកែ។
៣)ជ្រើសរើសគ្រូបង្រៀន ចំនួន១១រូប ដែលបានបង្រៀនសិស្សឲ្យទទួលបាននិទ្ទេស A ហើយមានពិន្ទុខ្ពស់បំផុត នៃមុខវិជ្ជានីមួយៗ ដើម្បីផ្តល់ជូនគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ។
៤)ផ្តល់ជូនបណ្ណសរសើរ ជូនដល់គ្រប់វិទ្យាល័យ ដែលមានសិស្សទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩។
៥)ប្រឡងប្រណាំងស្នាដៃសិក្សាកថាលើប្រធានបទ «ហេតុអ្វីបានជាខ្ញុំជ្រើសរើសអាជីពជាគ្រូបង្រៀន»?
៦)វេទិកាពិភាក្សាលើប្រធានបទ ចំនួន៣ រួមមាន៖ ១.បទពិសោធការកែលម្អការគ្រប់គ្រងតាមសាលារៀន ២.រួមគ្នាវិនិយោគលើវិស័យអប់រំ ដើម្បីមូលធនមនុស្ស និង៣.ហេតុអ្វីបានជាខ្ញុំជ្រើសរើសអាជីពជាគ្រូបង្រៀន?








