នារីម្នាក់បើករថយន្តបត់ឆ្លងផ្លូវជាន់ហ្គាច្រឡំហ្វ្រាំងជ្រុលទៅបុកចូលផ្ទះវីងវេរលុយ ខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នារីម្នាក់ និងរួមដំណើរនឹងនារីម្នាក់ទៀត បើករថយន្តតូយូតា Rush បត់ឆ្លងផ្លូវជាន់ហ្គាច្រឡំជាន់ហ្វ្រាំងបួងចង្កូតមិនទាន់ជ្រុលទៅបុកផ្ទះវីងវេរលុយ ខូចខាតទ្វារដែកចំនួនបីផ្ទាំង ចំណែករថយន្តខូចខាតផ្នែកខាងមុខខាងស្តាំយ៉ាងដំណំផ្ទប់ជាប់ទៅមុខលេងរួច ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសទេ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១០និង២០នាទីយប់ថ្ងៃទី៤ ខែតុលាឆ្នាំ២០១៩ ស្ថិតនៅផ្ទះវីងវេរលុយ (យីហោ លីនណា ឃែរ) តាមបណ្តោយផ្លូវ៣៣៦កែងនឹងផ្លូវ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញនារីពីរនាក់ បើករថយន្តម៉ាកតូយូតា Rush ពណ៌ស មិនទាន់ធ្វើស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ២៥៥ទិសដៅពីជើងទៅត្បូង។ មកដល់ចំណុចកើតហេតុកែងនឹងផ្លូវ៣៣៦ បានបត់ស្តាំដោយល្បឿនលឿនបន្តិច ស្រាប់ជាន់ហ្គាច្រឡំជាន់ហ្វ្រាំង បួងចង្កូតមិនទាន់ស្ទុះទៅបុកចូលផ្ទះវីងវេរលុយពេញទំហឹង បណ្តាលរងការខូចខាតទ្វារចំនួនបីផ្ទាំង ចំណែករថយន្តខូចខាតផ្នែកខាងមុខខាងស្តាំយ៉ាងដំណំទៅមុខលេង ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ និងបានឲ្យភាគីទាំងសងខាងសម្រួបសម្រួលគ្នា ដោយភាគីម្ចាស់ផ្ទះទាមទាសំណងចំនួន៦០០ដុល្លារ ប៉ុន្តែខាងភាគីរថយន្តសូមត្រឹម៤០០ដុល្លារ។ ដោយធ្វើចរចាគ្នាអស់រយៈពេលជិតពីរម៉ោង ទើបម្ចាស់ផ្ទះព្រមទទួលសំណង៤០០ដុល្លារ ដើម្បីបញ្ចប់រឿង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner