ជប៉ុនសម្រេចយកថ្ងៃទី២៧ ខែកញ្ញា រៀបចំបុណ្យសពថ្នាក់រដ្ឋសម្រាប់លោក អាបេ

តូក្យូ៖ រាជរដ្ឋាភិបាលជប៉ុនគ្រោងថា នឹងរៀបចំពិធីបុណ្យសពរដ្ឋសម្រាប់អតីតនាយករដ្ឋមន្ត្រី Abe Shinzo នៅថ្ងៃទី ២៧ ខែកញ្ញា នៅ Nippon Budokan ក្នុងទីក្រុងតូក្យូ។
លោក អាបេ ត្រូវបានគេបាញ់សម្លាប់នៅក្នុងទីក្រុងណារ៉ា ភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃទី ៨ ខែកក្កដា ខណៈកំពុងធ្វើសុន្ទរកថា នាយុទ្ធនាការឃោសនាបោះឆ្នោតសភាជាន់ខ្ពស់។

នាយករដ្ឋមន្ត្រី Kishida Fumio បានប្រកាសមុននេះថា រដ្ឋាភិបាលនឹងរៀបចំពិធីបុណ្យសពរដ្ឋ សម្រាប់លោក Abe នៅរដូវស្លឹកឈើជ្រុះខាងមុខ។ លោក Kishida បានលើកឡើងពីសមិទ្ធផលរបស់លោក Abe ក្នុងនយោបាយក្នុងស្រុក និងផ្នែកការទូត ជាហេតុផលសម្រាប់ការរៀបចំពិធីបុណ្យសពដែលឧបត្ថម្ភដោយរដ្ឋ។

ព័ត៌មានលម្អិតនៃពិធីនេះនឹងត្រូវបានសម្រេចដោយគិតគូរពីបំណងប្រាថ្នារបស់គ្រួសារលោក Abe និងដំណើរផ្លូវកាទូត។ រដ្ឋាភិបាលនឹងពិភាក្សាជាមួយគណបក្សកាន់អំណាច មុននឹងស្វែងរកការយល់ព្រមពីគណៈរដ្ឋមន្ត្រីសម្រាប់ពិធីបុណ្យសព។
លោក អាបេ នឹងក្លាយជាអតីតនាយករដ្ឋមន្ត្រីទីពីររបស់ប្រទេសជប៉ុន ដែលត្រូវបានផ្តល់ពិធីបុណ្យសពរដ្ឋ ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ។ ទីមួយគឺសម្រាប់ Yoshida Shigeru ដែលបានស្លាប់នៅឆ្នាំ ១៩៦៧ ។

យ៉ាងណាក៏ដោយ សមាជិកសភាបក្សប្រឆាំងមួយចំនួនបាននិយាយថា ពួកគេប្រឆាំងនឹងការប្រារព្ធពិធីបុណ្យសពរដ្ឋសម្រាប់លោក Abe ហើយមានការព្រួយបារម្ភអំពីការធ្វើដូច្នេះ។ រាជរដ្ឋាភិបាលថា ខ្លួននឹងពន្យល់បន្ថែមទៀតដល់សាធារណជន អំពីមូលហេតុដែលខ្លួនជឿជាក់ថាលោក Abe គួរតែត្រូវកាន់ទុក្ខក្នុងលក្ខណៈបែបនេះ៕ ប្រភពពី NHK, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner