មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច សិស្សានុសិស្ស នាំគ្នាដាំកូនឈើប្រណីត ប្រលែងកូនត្រីពូជ នៅបរិវេណស្ថានីយ៍កសិកម្ម កូនក្រៀល

ខេត្តឧត្តរមានជ័យ៖ មន្រ្តីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចទាំង៣ប្រភេទ សិស្សានុសិស្សចូលរួមដាំកូនឈើប្រណីត ប្រលែងកូនត្រីពូជ នៅតំបន់ដីស្ថានីយកសិកម្ម កូនក្រៀល ស្ថិតនៅក្នុងភូមិសែនជ័យ១ សង្កាត់កូនក្រៀលក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

សកម្មភាពនេះរៀបចំក្នុងពិធីបុណ្យរុក្ខទិវា និងទិវាមច្ឆជាតិ ដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្ដរមានជ័យ ក្នុងនោះ កូនឈើដែលយកមកដាំ ក្នុងពិធីនេះមាន ដើម ធ្នង់ ឈើទាល ក្ងោក ឬស្សី រាំងភ្នំ ត្របែកព្រៃ ចំនួន ៣ពាន់ដើមនៅលើផ្ទៃដី ៣ហិចតា ក្នុងគោលបំណងរួមចំណែកក្នុងការដាំដើមឈើបង្កើនគម្របបៃតង ដើម្បីការពារ បរិស្ថាន បំផុសគំនិតនៃការស្រឡាញ់ព្រៃឈើ ផ្សព្វផ្សាយពីសារៈប្រយោជន៍នៃព្រៃឈើ និងធ្វើឲ្យប្រសើរឡើងនូវសោភ័ណភាពធម្មជាតិ បរិស្ថាននិងបៃតងផងដែរ។ ចំណែកកូនត្រីពូជចំនួន ៣ម៉ឺនកូនមានកូនត្រីប្រា ត្រីឆ្ពិន ត្រីអណ្ដែង ត្រីដំរី អន្ទង់ ប្រលែងក្នុងតំបន់ទំនប់អូរស្នុក ដើម្បីជាប្រយោជន៍សាធារណៈ និងអភិរក្សតំបន់នេះឲ្យកាន់តែសំបូរពូជមច្ឆជាតិប្រកបដោយនិរន្តរភាពផងដែរ។

រដ្ឋបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ បានបង្ហាញការគាំទ្រនិងចូលរួមជាមួយមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ចនិងសិស្សានុសិស្ស ក្នុងការដាំកូនឈើប្រណិត និងលែងកូនត្រីពូជ នៅក្នុងតំបន់ស្ថានីយ៍កសិកម្មកូនក្រៀល ហើយការដាំកូនឈើនេះក្នុងគោលបំណងសំខាន់ដើម្បីបង្កើនការចូលរួមស្ដារគម្របព្រៃឈើ ឡើងវិញ ចូលរួមចំណែកកាត់បន្ថយកម្ដៅនៅលើភពផែនដី និងការប្រែប្រួលអាកាសធាតុ និងដើម្បីផ្សព្វផ្សាយ និងបណ្ដុះស្មារតីដល់សាធារណជនឱ្យស្រឡាញ់ធនធានធម្មជាតិ។

គួរបញ្ជាក់ថា ដីស្ថានីយកសិកម្ម កូនក្រៀល ដែលគ្រប់គ្រងនិងថែរក្សាដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្ដរមានជ័យ មានជាង ១០០ហិចតា ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ៕ ដោយ៖ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner