អភិបាលខេត្តកំពង់ស្ពឺ ជម្រុញដល់ពលរដ្ឋ ប្រឹងប្រែងធ្វើអនាម័យ សំអាតបរិវេណលំនៅដ្ឋានរបស់ខ្លួន ពិសេសលុបបំបាត់ឱ្យអស់នូវសម្ភារនានា ដែលជាប្រភពនៃជម្រកមូសខ្លា ដែលនាំឱ្យកើតជំងឺគ្រុនឈាម

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ប្រឹងប្រែងធ្វើអនាម័យ សំអាតក្នុងបរិវេណលំនៅដ្ឋានរបស់ខ្លួន ពិសេសលុបបំបាត់ឱ្យអស់នូវសម្ភារនានា ដែលជាប្រភពនៃជម្រកមូសខ្លា។

ឯកឧត្តម វ៉ី សំណាង ថ្លែងដូចនេះ នៅក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមនៅភូមិព្រៃកន្ទាច សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ ។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា មូសខ្លាគឺជាភ្នាក់ងារចម្លងដ៏មានប្រសិទ្ធិភាពនៃជំងឺគ្រុនឈាម វាអាចសម្លាប់កុមារតូចៗក្នុងរយៈពេលដ៏ខ្លីប្រសិនជាមាតាបិតារបស់កុមារមានការធ្វេសប្រហែស ឬមិនបានយកចិត្តទុកដាក់នាំកូនទៅឱ្យក្រុមគ្រូពេទ្យព្យាបាលទាន់ពេលវេលា ហើយបច្ចុប្បន្នជំងឺនេះក៏បានចម្លងទៅកាន់មនុស្សចាស់ផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា វិស័យសុខាភិបាល ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញជាគោលដៅអភិវឌ្ឍន៍ជាតិក្នុងការកាត់បន្ថយមរណភាពរបស់កុមារអាយុក្រោម៥ឆ្នាំ ការលើកកម្ពស់សុខភាពមាតា និងការប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ គ្រុនឈាម ជំងឺឆ្លងដទៃទៀត បញ្ហាសុខភាពសាធារណៈនិងគ្រោះមហន្តរាយ ។ ហើយស្ថានភាពជំងឺគ្រុនឈាមក្នុងខេត្តកំពង់ស្ពឺនៅរយៈពេល៦ខែដើមឆ្នាំមករាដល់ខែកក្កដាក្នុងឆ្នាំ២០២២ គិតត្រឹមសប្ដាហ៍ទី២៦មានចំនួនសរុប៥៧៩ករណី ក្នុងនោះស្រីមានចំនួន២៨៨ ករណី ត្រូវនិងអត្រាអាំងស៊ីដង់៦១.៨ ក្នុងចំណោមមនុស្ស១០០ពាន់នាក់ និងករណីស្លាប់ចំនួន២ករណី ត្រូវនិងអាត្រា០,៣% ។

ឯកឧត្តម ក៏បានអំពាវនាវឱ្យបងប្អូនដែលមានកូនតូចៗត្រូវស្លៀកពាក់ខោអាវដែលវែងដើម្បីបិទរាង្គកាយឱ្យជិតដល់ពួកគេ សំអាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មិនត្រូវទុកស្មៅឱ្យដុះនៅឧ្រុបទ្រោម ឬបោះចោលនូវសំបកដូង សំបកកង់ឡាន ម៉ូតូ ដែលជាជម្រកពងកូនរបស់មូសខ្លានៅជុំវិញផ្ទះនោះទេ ព្រោះសត្វនេះចូលចិត្តរស់នៅកន្លែងដែលមានទឹកដក់ពិសេសគឺទឹកដក់ហើយថ្លា ៕ ដោយ៖ ម៉ុន សំអាត

ads banner