ភ្លើងឆេះព្រៃដ៏កំណាចនៅបារាំង បង្ខំឱ្យមនុស្សប្រមាណ ៣៦,០០០នាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែង
ប៉ារីស៖ ទូរទស្សន៍ BFMTV របស់បារាំងបានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះថា ភ្លើងឆេះព្រៃដ៏ធំសម្បើមចំនួនពីរដែលកំពុងឆាបឆេះនៅភាគនិរតីនៃប្រទេសបារាំងក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ បានបង្ខំឱ្យមនុស្សយ៉ាងតិច ៣៦,០០០នាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែង និងបានដុតបំផ្លាញផ្ទៃដីចំនួន ២០,៦០០ហិកតា។
ក្នុងអំឡុងការធ្វើទស្សនកិច្ចទៅកាន់តំបន់ភ្លើងឆេះព្រៃ Gironde ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសអំពីគម្រោងជាតិដ៏សំខាន់មួយ ដើម្បីដាំដើមឈើឡើងវិញ និងធ្វើឱ្យព្រៃឈើដែលរងការខូចខាតស្តារឡើងវិញ។
លោក ម៉ាក្រុង បានហៅអ្នកពន្លត់អគ្គីភ័យជាវីរៈបុរស និងបានថ្លែងអំណរគុណដល់ប្រជាជនបារាំង សម្រាប់ការសាមគ្គីភាពជាមួយប៉ូលីស និងអ្នកពន្លត់អគ្គីភ័យនៅក្នុងនាយកដ្ឋាន Gironde ដើម្បីជម្នះភ្លើងឆេះព្រៃ។
ជាមួយគ្នានោះ លោក ម៉ាក្រុង បានពិពណ៌នាភ្លើងឆេះព្រៃដែលបានកើតឡើងកាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅថា ជារឿង “ធ្ងន់ធ្ងរបំផុតមួយ” នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសបារាំង ហើយអង្គភាពពន្លត់អគ្គីភ័យរបស់បារាំង គឺ “ទំនើបបំផុតនៅអឺរ៉ុប”។
បើតាមអ្នកពន្លត់អគ្គីភ័យ ការព្រមានអំពីការប្រុងប្រយ័ត្នភ្លើងឆេះព្រៃ នឹងត្រូវបន្តនៅតំបន់ Gironde រហូតដល់ខែតុលាខាងមុខនេះ។ អាជ្ញាធរក្នុងតំបន់បានប្រាប់ BFMTV ថា ភ្លើងឆេះព្រៃទាំងពីរនេះត្រូវបានគ្រប់គ្រងនៅយប់ថ្ងៃអង្គារសប្តាហ៍នេះ ហើយការកើនឡើងសំណើមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ អាចនឹងជួយដល់ការពន្លត់អណ្តាតភ្លើងផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា




