ផ្ទេរភារកិច្ច និងប្រកាសតែងតាំងមុខតំណែងអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប
សៀមរាប៖ លោក ឃឹម ហ្វីណង់ ឋានន្តរស័ក្តិវរៈមន្ត្រីថ្នាក់លេខ៣ ត្រូវបានធ្វើការប្រកាសឱ្យកាន់មុខតំណែងជាអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ជំនួសលោក ណុប វុធ្ឋី អតីតអភិបាលស្រុក ដែលត្រូវបានផ្ទេរភារកិច្ចឱ្យបម្រើការងារនៅសាលាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៤ ខែ តុលា ឆ្នាំ២០១៩ នៅរដ្ឋបាលសាលាស្រុកបន្ទាយស្រី។

បន្ទាប់ពីកិច្ចស្វាគមន៍របស់អតីតអភិបាលស្រុក និងសេចក្តីរបាយការណ៍ស្តីពីសមិទ្ធផលដែលបានកសាង និងអភិវឌ្ឍន៍ក្នុងស្រុក ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបានលើនូវបញ្ហាប្រឈម និង ឧបសគ្គមួយចំនួន និងការកំណត់ដែនសមត្ថកិច្ចការទទួលខុសត្រូវរបស់គណៈអភិបាលស្រុក គណៈអធិបតីប្រគល់អនុក្រឹត្យ និងត្រា ព្រមទាំងការប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុកដែលទើបទទួលបានការតែងតាំងថ្មីរួចមក មានប្រសាសន៍សំណេះសំណាលនោះឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបមានប្រសាសន៍ថា ការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកនេះ អាស្រ័យដោយមានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្ត ចំពោះមន្ត្រីថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ។ ម៉្យាងទៀតក៏ជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំនូវរចនា សម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំថ្នាក់ក្រោមជាតិ ដើមី្បឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ ក្នុងការបម្រើដល់តម្រូវការផលប្រយោជន៍របស់ប្រជាជន។

ឯកឧត្តម បានថ្លែងកោតសរសើរដល់អាជ្ញាធរស្រុកនូវសមទ្ធិផលដែលស្រុកទទួលបានមកនេះថា កត្តារីកចម្រើនរបស់ស្រុក កើតឡើងបានអាស្រ័យប្រទេសជាតិមានសន្តិភាព និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមអភិបាលខេត្ត បានជំរុញផងដែរ ឱ្យមន្ត្រីទាំងអស់ពង្រឹងសមត្ថភាព និងគុណភាពតាមរយៈផ្តល់ការបណ្តុះបណ្តាលផ្ទាល់នៅថ្នាក់មូលដ្ឋានដើម្បីជាចំណេះដឹងបន្ថែមដល់មន្ត្រីរាជការ ងាយស្រួលដល់មន្ត្រីបំពេញការងាររដ្ឋបាលនៅមូលដ្ឋាន និងបានផ្តាំផ្ញើដល់ អភិបាលថ្មី នៃស្រុកបន្ទាយស្រី ដែលទើបចូលកាន់តំណែង ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ស្រុកឲ្យមានការរីកចម្រើនបន្ថែមទៀត គឺយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋជាចម្បង និងយកចិត្តទុកដាក់លើការងារសន្តិសុខ ជំរុញការងារបង្កបង្កើនផល រួមទាំងការទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតឡើង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លើសពីនេះ ត្រូវពង្រីងនិងពង្រីកសក្តានុពលទេសចរណ៍ដែលមានស្រាប់ នៅក្នុងសហគមន៍ ដោយសហការជាមួយមន្ទីរជំនាញ ស្ថាប័ន ពាក់ព័ន្ធ ដើមី្បជាផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបន្ទាយស្រីទាំងមូល និងត្រូវចេះសាមគ្គីភាពផ្ទៃរវាងគណៈអភិបាលស្រុកជាមួយ មន្ត្រីរាជការលើការដឹកនាំគ្រប់គ្រង ពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងសាលាស្រុក ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយតម្លាភាព គណនេយ្យភាពលឿនរហ័ស និងមានប្រសិទ្ធភាពផងដែរ៕ធ.ដ
ដោយៈ ស៊ាន សុផាត


