រដ្ឋមន្រ្តីបរិស្ថានអាស៊ាននឹងចូលរួមដាំកូនឈើនៅសួនច្បារមុខប្រាសាទអង្គរវត្ត

ភ្នំពេញ៖ កិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី០៧-១០ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ រដ្ឋមន្រ្តីបរិស្ថានអាស៊ាននឹងចូលរួមពិធីដាំកូនឈើជានិមិត្តរូបនៅសួនច្បារមុខប្រាសាទអង្គរវត្ត, នេះបើតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា។ ដើម្បីត្រៀមទទួលកិច្ចប្រជុំនេះឱ្យបានល្អ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា ដឹកនាំដោយលោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានចុះកាត់ក្រីដើមឈើមានហានីភ័យ សម្អាត និងលាងផ្លូវសំខាន់ៗមួយចំនួននៅរមណីយដ្ឋានអង្គរ ក្នុងបំណងដើម្បីលើកសោភ័ណភាពបរិស្ថាន។ផ្លូវសំខាន់ៗដែលក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា ចុះប្រតិបត្តិការ រួមមាន៖ ផ្លូវពីព្រលានយន្តហោះទៅអង្គរវត្ត ផ្លូវហ្សាលដឺហ្គោល (ពីសាលាអន្ដរជាតិអាយអូអេសទៅអង្គរវត្ត) ផ្លូវពីប្រាសាទអង្គរវត្តទៅប្រាសាទបាយ័ន និងពីបាយ័នទៅព្រះលានជល់ដំរីជាដើម។ល។ គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងអាស៊ានបូក៣ (ចិន ជប៉ុន និងកូរ៉េ) នេះដែរ រដ្ឋមន្រ្តីបរិស្ថានអាស៊ាននឹងចូលរួមពិធីដាំកូនឈើជានិមិត្តរូបនៅសួនច្បារមុខប្រាសាទអង្គរវត្ត ដែលសួនច្បារនេះត្រូវបានអាជ្ញាធរជាតិអប្សរា រួមជាមួយក្រសួងបរិស្ថានបានរៀបចំនិងកែលម្អ ដើម្បីលើកតម្លៃអង្គរឱ្យសាកសមជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner