គ្រួសារអតីតយុទ្ធជនមានជីវភាពខ្វះខាត បានទទួលខ្នងផ្ទះទី២០៤ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន

ខេត្តកំពង់ធំ ៖ ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត រស់នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលផ្ទះថ្មីមួយខ្នង ដែលជាខ្នងផ្ទះទី២០៤ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈនាយឧត្តមសេនីយ៍គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី បានអញ្ជើញប្រគល់ខ្នងផ្ទះទី២០៤ជូនគ្រួសារអតីតយុទ្ធជន រួមទាំងអំណោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតចំនួន ៥គ្រួសារ ផងដែរ។

លោកស្រី លាស់ ស្រីពៅ អាយុ៥០ឆ្នាំ ជាគ្រួសារអតីតយុទ្ធជន មានកូននៅក្នុងបន្ទុក២នាក់ ទើបគ្មានលទ្ធភាព ក្នុងការសាងសង់ផ្ទះរស់នៅឱ្យបានសមរម្យនៅលើដីរបស់ខ្លួន ដោយឃើញការលំបាក ក្រុមការងារនៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះថ្មី ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូល ប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ និងបានឧបត្ថម្ភ អង្ករ ៥០គីឡូក្រាម. មី២កេស ទឹកត្រីទឹកស៊ីអ៊ីវ ២យួរ ត្រីខ ១យួរ និងថវិកាមួយចំនួន ដោយឡែកប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ៥គ្រួសារ ក្នុងមួយគ្រួសារអង្ករ ២៥គីឡូក្រាម មីជាតិមួយកេស ទឹកត្រីមួយយួរ ត្រីខកំប៉ុង ១យួរ និងថវិកាមួយចំនួន ៕
ដោយ ប៊ុន រដ្ឋា

ads banner