កិច្ចប្រជុំ ពិនិត្យ និងផ្តល់ការយល់ព្រមលើសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកនៃគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឈខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គ.ប.ដ. កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ ក្នុងគោលបំណងពិនិត្យ និងផ្តល់ការយល់ព្រមលើសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន គ.ប.ដ. ។
ក្នុងកិច្ចប្រជុំ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាអនុប្រធាន គ.ប.ដ. ឯកឧត្តម ស៊ុន ចាន់ ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន គ.ប.ដ. ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ក្នុងគោលដៅបន្តជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី ដើម្បីធានាសម្រេចបានចក្ខុវិស័យដល់ឆ្នាំ ២០៣៨ គឺ ដែនដីនៅខេត្តព្រះសីហនុត្រូវបានគ្រប់គ្រង ប្រើប្រាស់ បែងចែក ការពារ និងអភិវឌ្ឍប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើប៕ដោយ៖សេឌី




