ជំនន់ទឹកភ្លៀងធ្លាក់ពីទ្វារទឹកអន្លង់ជ្រៃបណ្ដាលឲ្យផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ៤០ លេខ ៤១ ត្រូវបានកាត់ផ្ដាច់ ក្រុមហ៊ុនជប៉ុនអនុញ្ញាតិឲ្យបើកផ្លូវវាងទីប្រជុំជនជាបណ្ដោះអាសន្ន
ខេត្តកំពង់ឆ្នាំង ៖ ជំនន់ទឹកភ្លៀងបាន ធ្លាក់គំហុកពីទ្វារទឹកអន្លង់ជ្រៃ ហូរមកកាត់ផ្ដាច់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៤០ និងលេខ ៤១ ស្ថិតក្នុងភូមិជ្រលាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បណ្ដាលឱ្យមានការធ្វើចរាចរជួបការលំបាក ។
ហេតុការណ៍ខាងលើនេះបានចាប់ផ្ដើមពីម៉ោង៨ និង ៣០នាទីយប់ថ្ងៃទី ២១ ខែកក្កដា រហូតដល់ព្រឹកថ្ងៃទី ២២ ខែកក្កដាចរាចរណ៍ត្រូវបានសម្រួលឡើងវិញដោយបើកតាមផ្លូវវាង ដែលក្រុមហ៊ុនជប៉ុនទើបធ្វើរួច ។
លោក សេង ចិន្តា អធិការនគរបាលស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង ៨ យប់ទឹកបានធ្លាក់មកពីលើ ហើយបានបុកកាត់ផ្ដាច់ផ្លូវជាតិលេខ ៥ ចំណុចភូមិជ្រលាត់ដៃ បណ្ដាលឱ្យការធ្វើចរាចរណ៍ជួបការលំបាក ។
ក្នុងពេលនោះដែរ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យ និងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ព្រមទាំងកងរាជអាវុធហត្ថផងដែរ មានគ្នាប្រមាណជាង ៥០នាក់ បានប្រតិបត្តិការអន្តរាគមន៍សម្រួលចរាចរណ៍ទាំងយប់ ។
ប៉ុន្តែដល់ម៉ោងប្រហែល២ រំលងអាធ្រាត ទឹកបុកខ្លាំងពេកទើបការចរាចរណ៍ បានកាត់ផ្ដាច់ មិនអាចទៅមកបាន។ រហូតដល់វេលាម៉ោង ៨ ព្រឹកថ្ងៃទី ២២ ខែកក្កដានេះ ខាងក្រុមហ៊ុនធ្វើផ្លូវ ជប៉ុនបានសម្រេចឲ្យធ្វើដំណើរតាមផ្លូវថ្មី វាងផ្សារឧត្តុង ដែលទើបសាងសង់រួច ទើបការចរាចរណ៍បានដំណើរការឡើងវិញ។ ចំណែកផ្លូវជាតិនៅចំណុចខាងលើនោះមិនទាន់អនុញ្ញាតឲ្យធ្វើដំណើរបាននៅឡើយនោះទេ៕ សុខ គឹមសៀន







