មន្ត្រីរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង សហការជាមួយសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទ រយៈពេល១សប្ដាហ៍ នៅក្នុងភូមិសាស្រ្តស្រុកជលគីរី កំពង់លែង និង ស្រុកបរិបូរណ៌
ខេត្តកំពង់ឆ្នាំង ៖ រយៈពេល ១សប្តាហ៍មន្ត្រីរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានសហការជាមួយសមត្ថកិច្ចសម្រុះ តាមបណ្តាស្រុក ចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តដងទន្លេសាប មាននៅស្រុកបរិ បូណ៌ ស្រុកកំពង់លែង និងស្រុកជលគិរី ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចម្រុះបានសហការជាមួយមន្ត្រី ផ្នែក សង្កាត់ និង ខណ្ឌរដ្ឋបាលជលផល បានចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ មានក្នុងភូមិសាស្ត្រ ឃុំកំពង់ព្រះគគីរ និងឃុំត្រពាំចាន់ នៅស្រុកកំពង់លែង មាននៅភូមិសាស្ត្រ ឃុំប្រឡាយមាស និងនៅស្រុកជលគីរី មាននៅភូមិសាស្ត្រ ឃុំពាមឆ្កោក ។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះ បានប្រើប្រាស់កម្លាំងសរុប ក្នុងមួយថ្ងៃចាប់ពី ១៧ ដល់ ៤២នាក់ តាមភូមិសាស្ត្រ តូច-ធំ និងប្រើមធ្យោបាយកាណូតចាប់ពី ៣ ដល់ ១០គ្រឿង។ ជាលទ្ធផលក្នុងការបង្ក្រាបបទល្មើសនេសាទក្នុងរដូវហាម
ឃាត់នេះ គឺបានបំផ្លាញរបាំងសាច់អួន ២៨កន្លែង មានប្រវែង ២០៥០ម៉ែត្រ លបសាច់អួនចំនួន ៣៦លប បង្គោល ១២៩០ដើម ។ ដោយឡែករបាំងស្បៃមុង គឺបង្ក្រាបបាន ៤១កន្លែង មានប្រវែង ១៧៣១ម៉ែត្រ លបលូស្បៃមុង ២៧មាត់ បង្គោល ៧៤០ដើម និងចាក់លែងកូនត្រីចម្រុះចំនួន ១៣០គីឡូក្រាមចូលទន្លេវិញ ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបញ្ឈប់ការនេសាទត្រីដោយខុសច្បាប់ ជាពិសេសក្នុងរដូវហាមឃាត់ ដែលជារដូវត្រីពងកូន ម្យ៉ាងទៀតបទល្មើសនេសាទកំពុងត្រូវបានរឹតបន្តឹង ប្រសិនបើមានការចាប់បាននិងត្រូវផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕
សុខ គឹមសៀន






