រថយន្ត Ford បើកបរក្នុងល្បឿនលឿន បុករថយន្តមួយគ្រឿងទៀតពេញទំហឹង បណ្តាលឱ្យប៉ើងក្រឡាប់ឡើងសួនច្បារបុកបង្គោលភ្លើងបាក់អស់មួយដើម

ភ្នំពេញ ៖ រថយន្ត Ford មួយគ្រឿង មិនចាំផ្លាកលេខ បើកបរក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុករថយន្ត Ford Ranger មួយគ្រឿងទៀត ពីក្រោយពេញទំហឹង បណ្តាលឱ្យប៉ើងក្រឡាប់ឡើងសួនច្បារ រួចជ្រុលទៅបុកបង្គោលភ្លើងបាក់អស់មួយដើម សំណាងល្អ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីបុរសម្នាក់ ដែលជាម្ចាស់រថយន្តរងគ្រោះ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់ បានបើកបររថយន្តមួយគ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-0494 ដឹកប្រពន្ធ និងកូន៣នាក់ ទៅស្រោចទឹកផ្ទះបងនៅម្តុំព្រៃតាម៉ាក់ រួចក៏បានបើករថយន្តចេញមកវិញ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅពីកើតទៅលិច ក្នុងល្បឿនល្មម គោលបំណងត្រឡប់ទៅផ្ទះវិញ នៅជិតផ្សារបែកចាន ខណៈពេលដែលបើកមកដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តបង្ក ម៉ាក Ford មួយគ្រឿងទៀត មិនចាំផ្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ស្របទិសគ្នា បើកបរក្នុងល្បឿនយ៉ាងលឿន បានបុកពីក្រោយរថយន្តរបស់គាត់ពេញទំហឹងប៉ើង បណ្តាលឱ្យក្រឡាប់ឡើងលើសួន រួចជ្រុលទៅបុកផ្ទប់បង្គោលភ្លើងបាក់អស់មួយដើម ភ្លាមៗនោះដែរ បានប្រជាពលរដ្ឋ ជិតខាងនាំគ្នា ជួយលើករថយន្តក្រឡាប់ដូចដើមវិញ ចំណែកឯ រថយន្តបង្ក បានបន្តល្បឿន បើករត់ទៅមុខគេចខ្លួនបាត់ស្រមោល។ តែសំណាងល្អ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុខាងលើ ទើបធ្វើការទំនាក់ទំនងទៅខាងផ្នែក សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ ៖ ឆៃហួត និងភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner