ឯកឧត្តម វ៉ាត់ ចំរើន៖ គណៈកម្មការជំនាញ បានយល់ច្បាស់ពីតួនាទីភារកិច្ចខ្លួន ក្រោមយន្ដការរួម និងឯកភាពគ្នាតែមួយ

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា គណៈកម្មការជំនាញទាំងអស់ បាន់យល់ដឹងច្បាស់អំពីតួនាទីភារកិច្ចរបស់ខ្លួន ក្រោមយន្ដការរួម និងឯកភាពគ្នាតែមួយ ក្នុងការអនុវត្តទិសដៅការងារ ត្រៀមឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ការគូសបញ្ជាក់នេះ បន្ទាប់ពីឯកឧត្តម បានកោះប្រជុំជាមួយគណៈកម្មការជំនាញនីមួយៗ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC។

ឯកឧត្តមអគ្គលេខាធិការបន្ដថា កិច្ចប្រជុំថ្ងៃនេះ ផ្ដោតសំខាន់អំពីការធ្វើការងារដោយប្រទាក់ក្រឡាគ្នាជាមួយគណៈកម្មការជំនាញទាំងអស់ ហើយធ្វើការវែកញែកគ្នាឲ្យបានច្បាស់ថា មកទល់ថ្ងៃនេះ តើការអនុវត្តការងារកន្លងមក មានឧបសគ្គអ្វីខ្លះ? ជាលទ្ធផល កិច្ចប្រជុំបានដោះស្រាយការងារជាច្រើន ពិសេសគណៈកម្មការជំនាញនីមួយៗ បានយល់ដឹងច្បាស់អំពីតួនាទីភារកិច្ចរបស់ខ្លួន ហើយបានឯកភាពទាំងអស់គ្នាទៀតផង។

ឯកឧត្តមមានប្រសាសន៍ថា «យើងបានធ្វើការជាមួយគ្នា និងដោះស្រាយការងារច្រើន ទាំងការរៀបចំផ្សព្វផ្សាយ ការងាររកការឧបត្ថម្ភ ការងាររៀបចំស្នាក់នៅ ហូបចុក យើងបានបែងចែកគ្នាអស់ហើយ ដឹងថាអ្នកណាត្រូវធ្វើអ្វី។ អ៊ីចឹង គោលការណ៍របស់ CAMSOC គឺឲ្យគណៈកម្មការជំនាញនីមួយៗ ទទួលខុសត្រូវ ហើយពេលណាមានការណែនាំបន្ថែម ត្រូវយកមកផ្សព្វផ្សាយ និងបញ្ជូនជាផ្លូវការ ក្នុងអង្គប្រជុំ ដើម្បីឲ្យគាត់ទទួលបានតួនាទីភារកិច្ចហ្នឹងបានត្រឹមត្រូវ ហើយច្បាស់លាស់ល្អ»។

«អ្វីដែលជាការពាក់ព័ន្ធនេះ គឺយើងធ្វើឲ្យបានកម្រិតមួយថា យើងមានភាពជាក់លាក់នៅក្នុងការផ្ដល់តួនាទីភារកិច្ច ហើយមានភាពជាក់លាក់ក្នុងការទទួលខុសត្រូវ។ អ៊ីចឹងឥលូវនេះ គណៈកម្មការទាំងអស់ បានឯកភាពគ្នាទាំងអស់ និងមានការយល់ដឹងអំពីការងាររបស់យើង ហើយបន្ដធ្វើការសហការគ្នាបន្ថែមទៀត ក្រោមយន្ដការរួម និងឯកភាពគ្នាតែមួយ ដើម្បីឆ្ពោះទៅរកជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner