សម្តេចពិជ័យសេនា ទៀ បាញ់ ៖ មាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកង​កម្លាំងប្រដាប់​អាវុធ​សាមគ្គី​សង្រ្គោះជាតិកម្ពុជាពីវៀតណាមឆាប់ៗខាងមុខនេះ 

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ  ដឹកនាំកិច្ចប្រជុំកិច្ចប្រជុំផ្សព្វផ្សាយពីតួនាទីភារកិច្ចរបស់​គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាពីសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលរាជរដ្ឋាភិបាលប្រគល់ជូន នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងការពារជាតិ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម និងតំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ 

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា  នៅរសៀលថ្ងៃទី២២នេះ គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រកាសសមាសភាព និងតួនាទី ភារកិច្ចដែលត្រូវអនុវត្តជាផ្លូវការ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុនសែន ថ្លែងសុន្ទរកថាក្នុងខួបអនុស្សាវរីយ៍លើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពតកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅល្ងាចថ្ងៃទី២២ ខែកក្កដានេះថា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន  សែន ក្នុងខួបអនុស្សាវរីយ៍លើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បានឱ្យពិនិត្យគិតគូរពីការមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាមមកកម្ពុជាវិញ។ ដោយមកដល់ពេលនេះ បានរៀបចំរៀបរយហើយ គឺបង្កើតបានអន្តរក្រសួងដើម្បីរ៉ាប់រងធ្វើកិច្ចការងារនេះ។ ក្នុងអន្តរក្រសួងនេះ គឺបានបង្កើតក្រុមបបច្ចេកទេសមួយទៀត ដើម្បីរៀបចំធ្វើមាតុភូមិនិវត្តន៍ និងទីកន្លែងសម្រាប់ទុកដាក់អដ្ឋិធាតុ គឺនៅនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 តែម្តង។ 

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ទៀតថា នាយឧត្តមសេនីយ៍ សៅ សុខា បានសម្របសម្រួលការងារនេះបានមួយជំហានរួចជាស្រេចហើយ និងច្បាស់ជារៀបចំបានត្រឹមត្រូវតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន មាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាមមកកម្ពុជាវិញនៅក្នុងពេលឆាប់ៗខាងមុនេះ៕ 

ដោយ៖ពលជ័យ

រូបភាព៖ហ្វេសប៊ុកសម្តេចពិជ័យសេនា ទៀ បាញ់

ads banner