ឯកឧត្តម ប៉ាន សូរសក្ត័ ជំរុញដល់មន្ទីរពាណិជ្ជកម្មរាជធាន-ខេត្ត រៀបចំផ្សារចុងសប្តាហ៍ ផ្សារណាត់ ឬពិព័រណ៍ពាណិជ្ចកម្ម ដើម្បីជំរុញការប្រើប្រាស់ផលិតផលខ្មែរ និងជំរុញការនាំចេញ
កំពង់ស្ពឺ៖ឯកឧត្តម ប៉ាន សូរសក្ត័ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធរៀបចំផ្សារចុងសប្តាហ៍ ផ្សារណាត់ ឬពិព័រណ៍ពាណិជ្ជកម្មដូចដែលបាននិងកំពុងរៀបចំនេះឱ្យបានច្រើន ដើម្បីជួយជំរុញការ ប្រើប្រាស់ផលិតផលខ្មែរ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា ការជំរុញឱ្យមានផ្សារណាត់ នេះនិងអាចជំរុញការនាំចេញនៅហ្នឹងកន្លែង និងអាចងាយស្រួលទៅដល់ការចុះត្រួតពិនិត្យ អប់រំណែនាំដល់ក្រុមហ៊ុនឯកជនដែលបានចូលរួមរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅតាមទីតាំងនានា ដែលមិនបានស្នើសុំច្បាប់អនុញ្ញាត ឱ្យពួកគាត់អនុវត្តតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ដែលកំពុងឋិតនៅជាធរមាន សំដៅពង្រឹងយន្តការកៀរគរចំណូលជូនរដ្ឋ ស្របតាមកម្មវិធីកែទម្រង់ និងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម។ បន្ថែមពីនេះ ត្រូវចូលរួមដោះស្រាយភ្លាមៗនូវរាល់បាតុភាពនានា ដែលបណ្តាលមកពីការកកស្ទះកសិផលដែលកើតមានឡើងម្តងម្កាលនៅរដូវប្រមូលផល តាមរយៈយន្តការ និងកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធ ឱ្យបានទាន់ពេលេវេលា។
ការលើកឡើងរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជ ធ្វើឡើងនៅក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លើកទី១០ ឆ្នាំ២០២២ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី សម្ដែងនូវការអបអរសាទរ និងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ដែលបានសហការគ្នាយ៉ាងល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំនេះឡើង ដើម្បីជួយជំរុញសកម្មភាពផលិតកម្មក្នុងស្រុក និងជួយសម្រួលចរន្តទីផ្សារជូនកសិករ ផលិតករកម្ពុជា ដែលកំពុងត្រូវការជាចាំបាច់នូវការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន ពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដមរដ្ឋមន្ត្រី បន្តថា ក្រសួងពាណិជ្ជកម្ម តែងតែយកចិត្តទុកដាក់ ក្នុងការជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន ដោយបានធ្វើកំណែទម្រង់ស៊ីជម្រៅជាច្រើន ដូចជា៖ ការកាត់បន្ថយចំណាយរដ្ឋបាល ពង្រឹងភាពប្រកួត ប្រជែងនៅលើទីផ្សារ បង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរ និងខិតខំផ្តល់សេវាសាធារណៈ និងបង្ខិតសេវាឱ្យមកកៀកនឹងដៃប្រជាពលរដ្ឋ ដើម្បីសម្រួលដល់វិស័យឯកជន ដែលត្រូវការបំពេញប្រតិបត្តិការអាជីវកម្ម។
ឯកឧត្ដមរដ្ឋមន្ត្រី បញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មសម្រេចបានសមិទ្ធផលជាច្រើន ដែលទាក់ទងនឹងកម្មវិធីកែទម្រង់នេះ រួមមាន៖ បានដាក់ឱ្យប្រើប្រាស់ទាំងស្រុង និងពេញលេញនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើប ដែលក្នុងនោះថ្លៃសេវា ពេលវេលា និងបែបបទដែលបង្កការលំបាកស្មុគស្មាញ ក៏ត្រូវបានកាត់បន្ថយស្ទើរទាំងស្រុង, ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមវិស័យពាណិជ្ជកម្ម, ការកសាងគោលនយោបាយអភិវឌ្ឍន៍ផលិតផលតាមវិស័យ មានដូចជា ដំឡូងមី ស្វាយចន្ទី និងផលិតផលផ្សេងទៀត, ការសម្រេចបានកិច្ចចរចាបើកទីផ្សារក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូសេដ្ឋកិច្ច មានដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-សាធារណរដ្ឋកូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលមានទីផ្សារធំទូលាយ និងការធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចេញលិខិតអនុញ្ញាតប្រកបអាជីវកម្មលោហធាតុត្បូងថ្មមានតម្លៃជាគ្រឿងអលង្ការគ្រប់ប្រភេទជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ ការធ្វើប្រតិភូកម្មដល់គ្រប់មន្ទីរពាណិជ្ជកម្មខេត្តជាប់ព្រំដែន ក្នុងការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ឌី (D) សម្រាប់ទំនិញកសិផលដែលត្រូវនាំចេញ ជាដើម។ លើសពីនេះ ក្រសួងក៏បានធ្វើប្រតិភូកម្មក្នុងការគ្រប់គ្រងរៀបចំ និងចាត់ចែងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដែលមានចំនួនចាប់ពី ៥០ ស្តង់ចុះ ជូនមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ដើម្បីជួយសម្រួលដល់វិស័យឯកជនបានធ្វើសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋាន ៕ ង៉ាន់ ទិត្យ












































