ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី១ សម្រេចបាន ៦៦ភាគរយ គ្រោងបញ្ចប់ឆ្នាំ២០២៣ ខណៈជំហានទី២ សម្រេចបាន ៤២ភាគរយ
ភ្នំពេញ ៖ គិតត្រឹមពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២នេះ ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សម្រេចបាន ៦៦ភាគរយហើយ។ តាមផែនការគ្រោងទុកនឹងបញ្ចប់ក្នុងឆ្នាំ២០២៣ខាងមុខនេះ ខណៈជំហានទី២សម្រេចបាន ៤២ភាគរយផងដែរ។
ក្នុងឱកាសអញ្ជើញពិនិត្យពីវឌ្ឍនភាពនៃការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងពន្លឿនការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិតបាន ៣៩០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ លោកបានគូសបញ្ជាក់ថា ជំហានទី១ អាចផលិតទឹកស្អាត បាន ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយជំហានទី២ អាចផលិតបាន ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
លោកអគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានឱ្យដឹងថា ដំណើរការសាងសង់ជំហានទី១ សម្រេចបានប្រមាណជា ៦៦ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញសេចក្តីត្រូវការនិងការប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទំាងមូលឱ្យបានគ្រប់គ្រាន់។ លោក បន្តថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន៧០ភាគរយ នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោល គឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឱ្យឡើងរហូតដល់ ១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងនៅឆ្នាំ២០៣០ អាចមានរហូតទៅដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ។ លោករំពឹងថា នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ រាជធានីភ្នំពេញ នឹងលែងខ្វះទឹកប្រើប្រាស់តទៅទៀតហើយ ពីព្រោះពេលនេះ ក្រុមការងារសាងសង់រោងចក្រផលិតទឹក បានពង្រីកបំពង់មេនាំទឹក ដែលដាក់បំពង់រហូតទៅដល់២ម៉ែត្រ ឆ្លងទៅបាតទន្លេសាប ហើយបាតទន្លេសាបនេះ គឺជាសំណង់ប្រវត្តិសាស្ត្រដែលមិនដែលមានទេ គឺដាក់បំពង់ក្រោមបាតទន្លេសាបតែម្តង។
លោក Cedric ROUDE នាយកគ្រប់គ្រងក្រុមហ៊ុនបារាំង VINCI ដែលទទួលសាងសង់រោងចក្រទឹកស្អាតបាក់ខែងនេះបានដឹងថា ក្រុមហ៊ុនរបស់លោកបានធ្វើការជាមួយប្រទេសកម្ពុជា ជាពិសេសជាមួយរដ្ឋាករទឹកស្វយ័តភ្នំពេញតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ លោកក៏បានបង្ហាញអំពីដំណើរ ក៏ដូចជាគុណភាព នៃការផលិតទឹកស្អាតនៅកម្ពុជាដែលអនុលោមទៅតាមស្តង់ដាពិភពលោក។
សូមជំរាបថា រោងចក្រផលិតទឹកស្អាយបាក់ខែងនេះ បានបើកការដ្ឋានការដ្ឋានសាងសង់ កាលពីខែមករា ឆ្នាំ២០២០ ពោលគឺចំពេលដែលកម្ពុជាកំពុងប្រឈមខ្លាំងជាមួយនឹងវិបត្តិកូវីដ-១៩ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជំងឺកូវីដ១៩ មិនមែនជាឧបសគ្គក្នុងការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតរបស់កម្ពុជាឡើយ គឺសកម្មភាពនៅតែបន្តជាប់ជាប្រចាំ ហើយសម្រេចបានលទ្ធផលគួរជាទីមោទនភាពនាពេលនេះ៕ដោយ៖ សេឌី














