ព្រឹទ្ធសភាកម្ពុជា បដិសេធទាំងស្រុង «ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២» ដែលអនុម័តដោយគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក
ភ្នំពេញ ៖ ព្រឹទ្ធសភាកម្ពុជា បានបដិសេធទាំងស្រុង ចំពោះខ្លឹមសារដែលមានលក្ខណៈលំអៀង គ្មានមូលដ្ឋាន និងរើសអើងនៃ «ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២ (Cambodia Democracy and Human Rights Act of 2022 (S.3052)» ដែលគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តនាពេលថ្មីៗនេះ ដោយផ្អែកលើហេតុផលភូមិសាស្ត្រនយោបាយជាងគុណតម្លៃសិទ្ធិមនុស្ស។
តាមរយៈសេចក្តីថ្លែងការណ៍ នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ការអះអាងដែលថា គ្មានការបោះឆ្នោតណាមួយនៅកម្ពុជាមានលក្ខណៈសេរី និងយុត្តិធម៌ គឺជាការបដិសេធទាំងស្រុងចំពោះការពិត។ ក្រុមអ្នកសង្កេតការណ៍របស់សហរដ្ឋអាមេរិក ដែលដឹកនាំដោយអតីតសមាជិកសភា លោក Stephen J. Solarz បានពិពណ៌នាអំពីការបោះឆ្នោតកាលពីឆ្នាំ ១៩៩៨ ថាជា «អច្ឆរិយហេតុលើដងទន្លេមេគង្គ»។ ការបោះឆ្នោតបន្តបន្ទាប់មកទៀត ក៏ត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិរាប់ពាន់នាក់បានវាយតម្លៃថា មានលក្ខណៈសេរី យុត្តិធម៌ ដោយសន្តិវិធី និងមានសណ្តាប់ធ្នាប់ល្អ។
ព្រឹទ្ធសភាកម្ពុជា បានបន្តថា ដូចគ្នានេះដែរ អ្នកសង្កេតការណ៍ក្នុងស្រុក និងបរទេសរាប់ពាន់នាក់បានចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីខែមុននេះ ដែលមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង មានលក្ខណៈសេរីយុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អដោយសន្តិវិធីមានតម្លាភាព គ្មានការគំរាមកំហែង និងសមស្របតាមស្តង់ដារអន្តរជាតិ។ លទ្ធផលនៃការបោះឆ្នោតនេះ ដែលមានចំនួនអ្នកចូលរួមជាង៨០% និងជិត៧៥% នៃសន្លឹកឆ្នោតបាន ជ្រើសរើសការគាំទ្រគណបក្សកាន់អំណាចពិតជាសក្ខីភាពបង្ហាញឱ្យឃើញ ពីការបន្តផ្តល់ទំនុកចិត្តនិងការគាំទ្រចំពោះតម្រូវការក្នុងការថែរក្សា សន្តិភាព ស្ថិរភាព នយោបាយដែលទទួលបានដោយលំបាក និងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព។ ការជ្រើសរើសនិងសំឡេងរបស់ប្រជាពលរដ្ឋដែលត្រូវបានបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការបោះឆ្នោត ត្រូវតែគោរពតាម។
ព្រឹទ្ធសភាកម្ពុជា បានបន្តថា សេចក្តីស្នើច្បាប់នេះ បានពឹងផ្អែកលើសលប់លើប្រភពព័ត៌មានមិនច្បាស់លាស់ ជាពិសេសអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលទំនុកទុកចិត្តលើអង្គការនេះត្រូវបានបាត់បង់តាំងពីឆ្នាំ ២០០៤ មក ។ អតីតឧបការីរងអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជ័យលាភីណូបែលសន្តិភាពពីររូប រួមជាមួយនឹងអ្នកស្រាវជ្រាវជាង ១០០ នាក់ បានផ្សព្វផ្សាយលិខិតចំហររិះគន់អង្គការនេះដែលមានចរិតលំអៀង និងពោរពេញដោយស្តង់ដារពីរ។
ព្រឹទ្ធសភាកម្ពុជា បានបន្តបញ្ជាក់ថា វិធីសាស្ត្រដែលគណៈកម្មាធិការព្រឹទ្ធសភានេះ ប្រកាន់យក គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ និងបង្កឱ្យមានការរាំងស្ទះដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ លើសពីនេះ វាផ្ទុយទៅនិងស្មារតីនិងបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ ដែលបានខិតខំប្រឹងប្រែងកសាងទំនាក់ទំនងល្អ ក៏ដូចជាលើកកម្ពស់មិត្តភាពនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ ដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជន និងប្រទេសទាំងពីរ។
អ្នកនាំពាក្យព្រឹទ្ធសភា សូមបញ្ជាក់សារជាថ្មីនូវការបេ្តជ្ញាចិត្តឥតងាករេរបស់កម្ពុជានៅក្នុងការលើកកម្ពស់នីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស ការថែរក្សាសន្តិភាព និងស្ថិរភាព ដែលទទួលបានដោយលំបាករហូតមកដល់ពេលបច្ចុប្បន្ននេះ។ ប្រជាជនកម្ពុជាទូទាំងប្រទេសបាននិងកំពុងរីករាយសាទរ ជាមួយនឹងផ្លែផ្កានៃសមិទ្ធផលជាច្រើនទសវត្សរ៍សម្រាប់ជីវិតសុខសាន្តរបស់ខ្លួន៕ ដោយ៖ សេឌី


