ក្រសួងប្រៃសណីយ៍ណែនាំឱ្យប្រតិបត្តិករទូរស័ព្ទទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់សេវាឱ្យអតិថិជនខ្ចីលុយ បន្តទៀត
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីប្រកាសដោយធ្វើសេចក្តីណែនាំមួយឱ្យដល់ប្រតិបត្តិករទូរសព្ទទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់សេវាឱ្យអតិថិជនខ្ចីលុយ បន្តទៀតដើម្បីជៀសវាងកុំឱ្យមានការភាន់ច្រឡំផ្សេងៗ ក្នុងគោលដៅការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់។
ការចេញសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍នេះធ្វើឡើងក្រោយពីពេលដែល មានវីដេអូមួយដែលបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “យាយគុំ ទឹកឆា” និងបានចែកចាយពេញបណ្តាញសង្គមអំពីអ៊ំស្រីម្នាក់បានសម្តែងការខឹងសម្បារយ៉ាងខ្លាំងនឹងក្រុមហ៊ុនស្មាតអាស្សាតា ដែលបានកាត់លុយដោយមិនដឹងមូលហេតុនៅពេលគាត់បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទរបស់គាត់។
យោងតាមសេចក្តីប្រកាសនេះបានបញ្ជាក់ថាបន្ទាប់ពីឃើញករណីនេះ អគ្គាធិការដ្ឋាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយនិយ័តករទូគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចុះទៅសិក្សាស្វែងយល់ ដើម្បីពិនិត្យ និងដោះស្រាយករណីនេះភ្លាមៗ។ ក្រោយពីបានពិនិត្យ និងសាកសួរលោកស្រី កុល សុខគុំ ដែលជាអ្នកជួបបញ្ហានេះផ្ទាល់ បានរកឃើញថា ការកាត់ទឹកប្រាក់របស់គាត់គឺបណ្តាលមកពីលេខទូរសព្ទនេះនៅជំពាក់លុយដែលបានខ្ចីនៅពេលដែលទូរសព្ទមិនអាចហៅចេញ ហើយនៅពេលដែលបញ្ចូលទឹកប្រាក់ឡើងវិញ ក្រុមហ៊ុនក៏បានកាត់លុយនោះសងត្រលប់វិញភ្លាមៗ។ លោកស្រីក៏បានបញ្ជាក់ថា ពុំបានដឹងអំពីការខ្ចីនោះឡើយដែលជាមូលហេតុធ្វើឱ្យរូបគាត់ខឹងសម្បារអំពីការកាត់លុយដោយគ្មានមូលហេតុ។
ក្រសួងប្រៃសណីយ៍បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា” ក្នុងន័យនេះ ដើម្បីការពារកុំឱ្យមានករណីខ្ចីលុយដោយសាមីខ្លួនមិនបានដឹងនិយ័តករទូគមនាគមន៍កម្ពុជា បានណែនាំឱ្យប្រតិបត្តិករទូរសព្ទទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់សេវាខ្ចីលុយជូនអតិថិជនបន្តទៀត ដើម្បីជៀសវាងកុំឱ្យមានការភាន់ច្រឡំផ្សេងៗ ក្នុងគោលដៅការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់”។
ក្រសួងបានបន្តឱ្យដឹងថា កន្លងមកក្រសួងប្រៃសណីយ៍បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការពារសិទ្ធិអ្នកប្រើប្រាស់ ជាពិសេសបញ្ហាកាត់ទឹកប្រាក់ទូរសព្ទពីប្រតិបត្តិករដោយពុំដឹងមូលហេតុ ឬការតភ្ជាប់សេវាផ្សេងៗដោយមិនបានដឹងជាដើម ដោយបានដាក់ឱ្យអនុវត្តលេខកូដរួម *1200# ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្តាច់គម្រោងដែលមិនចាំបាច់។
សាធារណជនអាចទស្សនាវីដេអូពន្យល់ពីវិធីផ្តាច់គម្រោងនេះតាមរយៈទំព័រហ្វេសបុក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឬស្កេន QR Code ខាងក្រោម ឬតាមរយៈតំណភ្ជាប់ https://fb.watch/eq5gO55sjc/ ។ ទន្ទឹមនឹងនេះ ចំពោះអ្នកប្រើប្រាស់ដែលជួបបញ្ហាផ្សេងពាក់ព័ន្ធនឹងសេវាទូរគមនាគមន៍ ក៏អាចប្តឹងតវ៉ាមកនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ នៃ ន.ទ.ក. តាមរយៈទូរសព្ទ 6789 ដើម្បីដោះស្រាយជូនផងដែរ។
ជាថ្មីម្តងទៀតក្រសួងប្រៃសណីយ៍ប្តេជ្ញាបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានចំពោះប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តណា ដែលបានប្រព្រឹត្តខុស ៕ ដោយ៖ម៉ាដេប៉ូ

