ស្រុកពារាំង រៀបចំការប្រកួតបាល់ទាត់មិត្តភាពយុវជន ដើម្បីលើកកម្ពស់វិស័យកីឡា ជាពិសេសផ្សព្វផ្សាយពីការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣

ព្រៃវែង៖ ស្រុកពារាំង នៃខេត្តព្រៃវែង បានរៀបចំការប្រកួតបាល់ទាត់មិត្តភាពយុវជន ដើម្បីលើកកម្ពស់វិស័យកីឡា ជាពិសេសផ្សព្វផ្សាយពីការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ។ ការប្រកួតនេះ បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ទី២៣ ខែកក្កដា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម រាជ រ៉ា និងក្រុមការងារ លោក មៀច វណ្ណៈ ។

សូមជម្រាបថា ការប្រកួតបាល់ទាត់មិត្តភាពយុវជនស្រុកពារាំង មានកីឡាករយុវជនចំនួន៤ក្រុមចូលរួមប្រកួត គឺក្រុមកីឡាវិទ្យាល័យសម្តេចហ៊ុនសែនពារាំង, ក្រុមកីឡាវិទ្យាល័យព្រៃព្នៅ, ក្រុមកីឡាវិទ្យាល័យហ៊ុនសែនកំពង់ពពិល និងក្រុមកីឡា ស.ស.យ.ក. ឃុំកំពង់ប្រាំង។

ឯកឧត្តម រាជ រ៉ា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកកម្ពស់វិស័យកីឡា ជាពិសេសការសម្រេចចិត្តធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងខែឧសភា ឆ្នាំ២០២៣។ ជាមួយគ្នានោះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្តេជ្ញាចិត្តខ្ពស់ខិតខំប្រឹងប្រែងកំណែទម្រង់គ្រប់ទិដ្ឋភាពទាំងក្នុងក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌបច្ចេកទេស ដោយផ្អែកលើគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយនិងកីឡា ផែនការឆ្ពោះទៅឆ្នាំ២០២៣ ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា សម្រាប់ការហាត់ហ្វឹកហ្វឺន ការបណ្តុះបណ្តាលធនធានមនុស្ស ទាំងបរិមាណ និងគុណភាព និងការរៀបចំប្រកួតកីឡាគ្រប់ប្រភេទប្រកបដោយស្តង់ដា ។

ឯកឧត្តម រាជ រ៉ា ក៏បានផ្តាំផ្ញើ និងផ្ដល់អនុសាសន៍មួយចំនួនជូនដល់សិស្សានុសិស្ស គណៈគ្រប់គ្រងសាលា និងផ្នែកអប់រំ ត្រូវយកចិត្តទុកដាក់ពង្រឹង ការអនុវត្តការអប់រំកាយ និងកីឡា ព្រោះថា ការអប់រំកាយ និងកីឡា ជាមុខវិជ្ជាមួយក្នុងកម្មវិធីសិក្សារបស់រដ្ឋ ដែលសិក្សាអំពីសិល្បៈនៃការធ្វើចលនា និងសុខភាពរបស់សិស្សានុសិស្ស។

ឯកឧត្តម ក៏បានអំពាវនាវឱ្យសិស្សានុសិស្សដែលជាកីឡាករ-កីឡាការិនីទាំងអស់ យកចិត្តទុកដាក់ចូលរួមហ្វឹកហាត់ និងលេងកីឡាទៅតាមការបង្ហាត់បង្ហាញរបស់លោកគ្រូ អ្នកគ្រូ ប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បាននាំយកសម្ភារៈ និងថវិកា របស់ឯកឧត្តម ស សុខា និងលោកជំទាវ រួមមាន បាល់ទាត់ចំនួន៤ និងថវិកាចំនួន ១,៦០០,០០០រៀល ឧបត្ថម្ភដល់ដំណើរការប្រកួត ។ ក្នុងនោះដែរ លោក ហ៊ី ធួក អភិបាលស្រុកពារាំង លោក ផែង អូន ប្រធានការិយាល័យ អ.យ.ក ស្រុក និងសប្បុរសជន បានឧបត្ថម្ភ ១,៣២០,០០០រៀល ផងដែរ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner