សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលឧបត្ថម្ភការកសាងដោយលោក ឧកញ៉ា តែ អ៊ីឆែ និងភរិយា
ខេត្តកណ្តាល៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និងសមិទ្ធផលនានា ស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា អគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង និងអគារសិក្សាសាលារៀន ខ្មែរ-ចិន ចេង ម៉េង ព្រមទាំងសមិទ្ធផល នានាជាច្រើនទៀត រួមមាន ផ្លូវបេតុងអាមេ ការចាក់សាប ចាក់ដី ដាំកូនឈើ ធ្វើសួនច្បារ និងឧបករណ៍កីឡាផ្សេងៗ ដែលសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ មានដូចជា នៅសាលាបឋមសិក្សាថ្នល់ទទឹង ក្នុង ឆ្នាំ២០១៩ មានអគារចំនួន១ ខ្នង ពីរជាន់ ស្មើនឹង១២ បន្ទប់ និងនៅសាលាខ្មែរ-ចិន ចេង ម៉េងអគារសិក្សា១ខ្នង កំពស់២ជាន់ មាន៦បន្ទប់ និងអគារផ្ទាល់ដី៣ខ្នង ស្មើ១៤បន្ទប់ ដែលបានផ្តួចផ្តើមឧបត្ថម្ភការកសាងដោយលោក ឧកញ៉ា តែ អ៊ីឆែ និងភរិយា។
ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកឧកញ៉ា តែ អ៊ីឆែ និងភរិយា ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជនទាំងអស់ដែលបានចូលរួមសាមគ្គីបរិច្ចគថវិកាគាំទ្រដំណើរការកសាងអគារសិក្សា ដែលជាផ្នែកមួយដ៏មានសារៈសំខាន់នៅក្នុងដំណើរការបណ្ដុះបណ្ដាល និងកសាងធនធានមនុស្សនៅកម្ពុជា ។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ជាថ្មី អំពីប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តី ជាពិសេសការដាក់ចេញវិធានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋយ៉ាងច្រើនលើសលុប រហូតបង្កើតបានភាពសាំសហគមន៍។ សម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់បង្កើនការប្រុងប្រយត្ននឹងជំងឺឆ្លងនេះដែលបច្ចុប្បន្នកំពុងមានការរីករាលដាលជាថ្មី។
ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតឃុំ សង្កាត់ ថ្មីៗនេះដែរ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាភាគរយច្រើននៃប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត គឺជាការបញ្ជាក់ឱ្យឃើញច្បាស់ថា ប្រជាពលរដ្ឋបានគាំទ្រការបោះឆ្នោតនេះ ។ សម្ដេចបន្ថែមថា«នេះក៏ជាការបង្ហាញអំពីការសាមគ្គីភាពផ្ទៃក្នុងជាតិយើងមានកម្រិតខ្ពស់ ក្នុងការបន្តអនុវត្តលើមាគ៌ាប្រជាធិបតេយ្យ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ»។
សម្ដេចក្រឡាហោម ស ខេង សង្កត់ធ្ងន់អំពីបញ្ហាគ្រឿងញៀននៅកម្ពុជា ដែលពេលនេះកំពុងប្រឈមនឹងកំណើនគ្រឿងញៀនចេញពីការកែច្នៃដោយសមាសធាតុគីមីផ្សេងៗ ។ សម្ដេចក៏បានឱ្យដឹងអំពីការទទួលបានការអនុញ្ញាតពីសម្ដេចតេជោ រៀបចំសេចក្ដីព្រាងច្បាប់មួយ ដើម្បីគ្រប់គ្រងការនាំចូលសាធាតុគីមី និងទប់ស្កាត់កុំឱ្យមានការបង្វែរយកទៅផលិតជាគ្រឿងញៀន ហើយបញ្ហាគ្រឿងញៀននេះក៏មានការជាប់ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ អពើភេវរកម្ម និងការរីកសាយភាពអាវុធមហាប្រល័យ។
ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សម្ដេចក្រឡាហោម បានបង្ហាញការភ្ញាក់ផ្អើលចំពោះការសម្រេចរបស់រដ្ឋាភិបាលអាមេរិក ដែលដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ ដែលមានន័យថា រាជរដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ សម្ដេចបន្ថែមថា«ខ្ញុំក៏បារម្ភ ឬក៏មានការភ្ញាក់ផ្អើលដែរ ព្រោះខ្ញុំក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយតែងសហការជាមួយដៃគូអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកតែម្ដង»។
សម្ដេចបន្តថា«ខ្ញុំមានការបារម្ភលើលក្ខណ្ឌនៃការវាយតម្លៃ ឬមនោសញ្ចេតនានៃការវាយតម្លៃ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ កម្ពុជានៅតែមានឆន្ទៈ និងនៅតែបន្តធ្វើការងារនេះ ហើយនៅតែបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ដោយស្មោះជាមួយគ្នា។
សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃក្នុងការដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ក្នុងនោះសម្ដេចក៏បានអំពាវឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រចំពោះការអនុវត្តវិធានការណ៍ដោះលែងអ្នកជាប់ឃុំមួយចំនួនឱ្យនៅក្រៅឃុំដោយមានលក្ខ័ណ្ឌ និងការអនុវត្តទោសសហគមន៍។ សម្ដេចបន្តថាការងារនេះកំពុងអនុវត្តសាកល្បង ហើយប្រសិនបើអនុវត្តបានជោគជ័យ ក្រសួងនឹងពង្រីកការងារនេះទៀតដោយមានកិច្ចសហការជាមួយក្រសួងយុត្តិធម៌ ៕ ដោយ-រ៉ាវុធ





















