ក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ អំពាវនាវដល់មន្ត្រីបន្តលើកកម្ពស់សាមគ្គី និងជំរុញការអនុវត្ត កម្មវិធីនយោបាយឲ្យអស់ពីចិត្តពីថ្លើមក្នុងការបម្រើប្រជាពលរដ្ឋ

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ស៊ុយ សែម សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអំពាវនាវដល់មន្ត្រីនៅគ្រប់លំដាប់ថ្នាក់បន្តលើកកម្ពស់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ជំរុញការអនុវត្តកម្មវិធីនយោបាយ ខិតខំបម្រើប្រជាពលរដ្ឋ ឲ្យអស់ពីចិត្តពីថ្លើមនិងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧នៃរដ្ឋសភា និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ឯកឧត្តម ស៊ុយ សែម បានថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាលនិងផ្សព្វផ្សាយរបាយការណ៍សន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សខេត្តពោធិ៍សាត់ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់នាថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២២ ដោយមានអ្នកចូលរួមប្រមាណ ១១០០នាក់ ។

ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណៈប្រចាំការ បានឲ្យដឹងថា គណកម្មាធិការជាតិរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ទូទាំងប្រទេស មានគណបក្សនយោបាយចូលរួមប្រគួតប្រជែងចំនួន១៧ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៩,២០៥.៦៨១នាក់ ក្នុងនោះបានទៅបោះឆ្នោតចំនួន ៧,៣៩៤,៤២៧នាក់ ស្មើនឹង៨០,៣២%ការិយាល័យបោះឆ្នោត២៣,៦០២ក្នុងឃុំ សង្កាត់ទាំង១,៦៥២និងមានអាសនៈ ក្រុមប្រឹក្សាឃុំ សង្កាត់១១,៦២២ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រ៥,៣៧៨,៧៧៣ស្មើនឹង ៧៤,៣២% ទទួលបានអាសនៈ៩៣៧៦ស្មើ៨០,៦៧% ក្នុងនោះទទួលបានអាសនៈមេឃុំ ចៅ សង្កាត់១៦៤៨ ស្មើនឹង៩៩,៧៦%។

ឯកឧត្តម ស៊ុយ សែម សូមឲ្យមន្ត្រីបក្សគ្រប់លំដាប់ថ្នាក់បន្តអនុវត្តនូវទិសដៅការងារឆ្ពោះទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ ដើម្បីសម្រេចបានជោគជ័យបន្តទៀត។

នៅក្នុងខណៈនោះដែរឯកឧត្តម ក៏បានវាយតម្លៃថាការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងច្បាស់នូវភាពចាស់ទុំនយោបាយនៃដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់របស់កម្ពុជា ៕ ចេង ពុំ

ads banner