អភិបាលស្រុកបាកានផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិច និងច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស

ខេត្តពោធិ៍សាត់៖ ថ្មីៗនេះ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន, លោក វរៈសេនីយ៍ទោ ចាន់ សុភី អធិការរងទទួលបន្ទុកចរាចរណ៍, លោកវរៈសេនីយ៍ត្រី សុង គឹមសែ អធិការរងទទួលបន្ទុកគ្រឿងញៀន, លោក រី ណាក់ ប្រធានការិយាល័យអប់រំស្រុកបាកាន និងលោក ង៉ែត ហៀង សមាជិកក្រុមប្រឹក្សាឃុំអូរតាប៉ោង បានធ្វើពិធីផ្សព្វផ្សាយដល់សិស្សានុសិស្ស អនុវិទ្យាល័យនិងវិទ្យាល័យអូរតាប៉ោង ឲ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ផលប៉ះពាល់នៃការជក់គ្រឿងញៀន និងបារីអេឡិចត្រូនិច ដែលកំពុងអុកឡុកក្នុងសង្គមសព្វថ្ងៃនេះ។

យើងដឹងហើយថា គ្រឿងញៀនបំផ្លាញខ្លួនឯង បំផ្លាញសង្គមគ្រួសារ និងបំផ្លាញសង្គមជាតិទាំងមូល។ ពីមុនយើងផ្ដោតសំខាន់តែរឿងគ្រឿងញៀនប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះមានការជក់បារីអេឡិចត្រូនិចទៀត ដែលភាគច្រើនគេសង្គេតឃើញនារីបម្រើការងារនៅតាមហាង និងសិស្សានុសិស្សនៅតាមសាលាមួយចំនួន។ ការជក់គ្រឿងញៀនដូចគ្នានឹងការជក់បារីអេឡិចត្រូនិចដែរ គឺវាធ្វើឲ្យប៉ះពាល់សុខភាព រាងកាយស្គមរីងរៃ ប៉ះពាល់សួត បេះដូង ខួរក្បាល ហើយយូរៗទៅនឹងលែងដឹងខុសត្រូវអ្វីទាំងអស់។ ស្ថិតក្នុងវ័យសិក្សាប្អូនៗត្រូវតែខិតខំសិក្សា ដើម្បីមានចំណេះដឹង ឈានទៅរកការងារធ្វើសម្រាប់ថ្ងៃអនាគត។ កុំប្រព្រឹត្តអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ដូចជាការបោះបង់ការសិក្សា លួចឆក់ប្លន់ ក្មេងពាលាអាវ៉ាសែ ជក់គ្រឿងញៀន ជក់បារីអេឡិចត្រូនិច និងលេងល្បែងស៊ីសងជាដើម ។ ជាមួយគ្នានេះការធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរត្រូវមានការប្រុងប្រយ័ត្ន កុំបើកហួសល្បឿនកំណត់ ហើយមុននឹងវ៉ាឬជែង បត់ឆ្វេងឬបត់ស្ដាំ ត្រូវមើលមុខមើលក្រោយជាមុនសិន ចៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ។

លោក ផាយ ឡេង, លោក វរៈសេនីយ៍ទោ ចាន់ សុភី, និងលោកវរៈសេនីយ៍ត្រី សុង គឹមសែ សូមឲ្យប្អូនៗសិស្សានុសិស្សខិតខំរៀនសូត្រ ហើយបើឃើញឬដឹងថាមានមិត្តភ័ក្តិរបស់ខ្លួនក៍ដូចសិស្សានុសិស្សផ្សេងទៀត លួចជក់គ្រឿងញៀនឬជក់បារីអេឡិចត្រូនិច ត្រូវរាយការណ៍ទៅលោកគ្រូអ្នកគ្រូនិងសមត្ថកិច្ចជាបន្ទាន់។

សូមបញ្ជាក់ថា ក្នុងខែកក្កដានេះ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានដឹកនាំក្រុមការងារជំនាញចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍និងបញ្ហាគ្រឿងញៀន ដល់សិស្សានុសិស្សបានចំនួន០៤វិទ្យាល័យរួចមកហើយ នឹងបន្តធ្វើជាបន្តបន្ទាប់ទៀតដើម្បីឲ្យសិស្សមានការយល់ដឹង ឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលុបបំបាត់គ្រឿងញៀងទាំងអស់គ្នានាពេលអនាគត ៕ ចេង ពុំ

ads banner