ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម លី ធុជ បានអញ្ជើញប្រកាស ភូមិវាល ឃុំស្រង់ ស្រុកគងពិសី ជា «ភូមិអស់មីន»

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុរធានទី១អាជ្ញាធរមីន អមដំណើរដោយ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ថ្នាក់ដឹកនាំខេត្ត ស្រុក និងឃុំ និងសប្បុរសជន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានចូលរួមជាអធិបតីក្នុងពិធីប្រកាស ភូមិវាល ឃុំស្រង់ ស្រុកគងពិសី នៃខេត្តកំពង់ស្ពឺជា «ភូមិអស់មីន» ជាមួយប្រជាពលរដ្ឋមូលដ្ឋានប្រមាណជា ៣០០នាក់។

ក្នុងពិធីដ៏មានអត្ថន័យនេះ បានបង្ហាញពីសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីនក្នុងការដោះស្រាយបញ្ហាយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលជាកាកសំណល់ពីសង្រ្គាមនៅកម្ពុជាអស់រយៈកាលជាង៤ទសវត្សរ៍កន្លងមកនោះ ។ មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតែជាការព្រួយបារម្ភរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលនៅតែបន្តយាយីដល់ប្រជាពលរដ្ឋស្លូតត្រង់ជារៀងរាល់ឆ្នាំ និងបណ្តាលឱ្យខាតបង់ផ្ទៃដីដាំដុះជាច្រើនគីឡូម៉ែត្រក្រឡា។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺ ជាសមរភូមិក្តៅច្រើនដំណាក់កាលមកហើយ ដែលបានបន្សល់ទុកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើននៅក្នុងដី ហើយដែលបានបន្តបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ ក្រោយទទួលបានសន្តិភាពពេញលេញ បេសកកម្មដោះមីនបានបន្តយ៉ាងសកម្មនៅក្នុងខេត្តជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់បានជួយលើកកម្ពស់មុខមាត់ខេត្តកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងនាមជាភ្នាក់ងារដោះមីន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ឧត្តមសេនីយ៍ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌល បានសម្តែងនូវក្តីរំភើបរីករាយដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បន្ថែមពីលើបេសកកម្មរបស់កងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសនានាទូទាំងសកលលោកផងដែរ។

ដោយឡែក ការសម្អាតមីន ក្នុងភូមិសាស្រ្តភូមិវាល ស្រុកគងពិសី អង្គភាពបានចំណាយរយៈពេល ១៤ថ្ងៃ និងកម្លាំង ១២នាក់ ដើម្បីដោះមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យអស់ពីភូមិ ដែលត្រូវបានប្រកាសជា «ភូមិអស់មីន» នាឱកាសនេះ ដោយទទួលបានជំនួយពី អង្គភាពព័ត៌មាន Khmer Times។

លោក T Mohan និពន្ធនាយកនៃអង្គភាពព័ត៌មាន Khmer Times បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋភូមិវាល ដែលទទួលបានដីស្រែចម្ការ ដែលរួចពីការគម្រាមកំហែងទាំងស្រុងពីមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ហើយតាមរយៈសភាពាណិជ្ជកម្មម៉ាឡេស៊ី នឹងផ្តួចផ្តើមគំនិតរៃអង្គាសមូលនិធិសប្បុរសធម៌ ដើម្បីបោសសម្អាតមីនឱ្យអស់ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ឯកឧត្តម Eldeen Husahni Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ី បានសន្យាចំពោះឯកឧត្តម ហ៊ុន ម៉ានី ថា ធុរជន និងសហគមន៍ម៉ាឡេស៊ីនឹងបន្តខិតខំស្វែងរកអត្ថប្រយោជន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តកំពង់ស្ពឺ និងបន្តចូលរួមក្នុងយុទ្ធនាការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ជំនួសមុខឱ្យប្រជាពលរដ្ឋភូមិវាល ឃុំស្រង់ ស្រុកគងពិសី ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ អ្នកតំណាងរាស្រ្ត ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានរួមចំណែកគាំទ្រដល់ការងារបោសសម្អាតមីន និងជាពិសេសថ្លែងអំណរគុណជូនចំពោះកងកម្លាំង នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាមដែលជាប្រតិបត្តិករផ្ទាល់ក្នុងការដោះមីន ធ្វើឱ្យភូមិវាល របស់យើងក្លាយជា «ភូមិវាល» រំដោះដីស្រែចម្ការជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានរំលេចនូវអត្ថន័យ «អរគុណសន្តិភាព» ដែលជាការទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ តែក៏បានបង្កប់នូវអនុស្សាវរីយ៍ដ៏ជូរចត់ក្នុងអតីតកាលដែលកម្ពុជាធ្លាប់ឆ្លងកាត់ភ្លើងសង្រ្គាម និងឥទ្ធិពលនៃសង្រ្គាម គឺមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានឆ្លុះបញ្ជាំងកាន់តែជាក់ស្តែងនូវគុណតម្លៃនៃ «សន្តិភាព» ដែលយើងកំពុងមានសព្វថ្ងៃនេះ។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺស្ថិតក្នុងចំណោមខេត្តដែលមានចម្ការមីនច្រើន ដែលមានចម្ការមីនសរុប ៧២៤ ស្មើរនឹងផ្ទៃដី ៨០,៥ គីឡូម៉ែត្រក្រឡា គ្របដណ្តប់នៅទូទាំង ៧ ស្រុក ដែលក្នុងនោះផ្ទៃដីបោសសម្អាតរួចមាន ១៦៨ ចម្ការ ស្មើរនឹង ១៣,៦៥ គីឡូម៉ែត្រក្រឡា។ ដោយឡែក កាលពីម្សិលម៉ិញនេះ នៅលើទំព័រផ្លូវការរបស់លោក ហ៊ុន ម៉ានី រយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ លោកបានបង្ហោះសារកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីអង់អាចក្លាហានរបស់ក្រុមការងារអ្នកដោះមីន ក្នុងការចូលរួមបំពេញបេសកកម្មជូនរាជរដ្ឋាភិបាល ដែលបានធ្វើការលះបង់ខ្ពស់ និងប្រថុយប្រថានជីវិតបំផុតក្នុងការងារដ៏គ្រោះថ្នាក់នេះ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ តាមរយៈវត្តមានអ្នកដោះមីនកម្ពុជានៅក្នុងបណ្តាបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតាមប្រទេសមួយចំនួនដែលមានជម្លោះប្រដាប់អាវុធផងដែរ ៕ ដោយ៖ម៉ុន សំអាត

ads banner