អូស្ត្រាលីមានករណីឆ្លងកូវីដប្រចាំថ្ងៃប្រភេទអូមីក្រុងបំប្លែងថ្មីដ៏ច្រើនពុំធ្លាប់មាន
ស៊ីដនី៖ ទិន្នន័យផ្លូវការបានបង្ហាញថា ចំនួនប្រជាជនអូស្រ្តាលី ដែលចូលសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ បានកើនឡើងដល់ ៥៤៥០នាក់ នៅថ្ងៃចន្ទ ទី២៥ កក្កដា ២០២២នេះ ដែលជាកំណត់ត្រាថ្មីមួយ ដោយសារតែការរីករាលដាល នៃមេរោគអូមីក្រុង (Omicron) ប្រភេទថ្មីៗ ដែលមានលទ្ធភាពចម្លងខ្លាំង ហើយប្រការនេះបានដាក់សម្ពាធជាខ្លាំង ដល់ប្រព័ន្ធសុខាភិបាល ទូទាំងប្រទេសអូស្រ្តាលី។
តួលេខខាងលើបានកើនឡើង ចាប់តាំងពីចុងខែមិថុនាមក ដោយសារមេរោគអូមីក្រុង ប្រភេទ BA.4 និង BA.5 បានរីករាលដាលខ្លាំង។ វាគឺជាចំនួនខ្ពស់បំផុត គិតចាប់តាំងពីការលេចឡើងនៃកូវីដ ហើយលើសពីកម្រិតនៃឆ្លង កាលពីខែមករា ឆ្នាំ២០២២ ដែលកាលណោះ មានត្រឹម ៥,៣៩០ករណី ជាកំលុងរលកឆ្លងរាលដាលដំបូង នៃមេរោគអូមីក្រុង។ រីឯចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ក៏បានកើនឡើងផងដែរ គឺដល់ចំនួន ១០០នាក់ ជាលើកដំបូង កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។
រដ្ឋាភិបាលអូស្រ្តាលី បានឲ្យដឹងថា កន្លែងស្នាក់សម្រាប់និវត្តន៍ជនជាង ១,០០០ខ្នង បានទទួលរងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ខណៈជនវ័យចំណាស់ គឺជាក្រុមបុគ្គលដែលប្រឈមហានិភ័យខ្ពស់។
តួលេខនៃអ្នកឆ្លងកូវីដ ១៩ របស់ប្រទេសនេះ គឺសរុបមានប្រហែល ៩.១៣ លាននាក់ហើយ ខណៈអ្នកស្លាប់សរុប កើនដល់ ១១ ១៨១នាក់៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ សារ៉ាត


