ប្រធានាធិបតីហ្វីលីពីនប្តេជ្ញាលើកកម្ពស់ប្រព័ន្ធសុខាភិបាលក្នុងប្រទេស

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជេអ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា ថ្នាក់រដ្ឋជាលើកដំបូងរបស់ខ្លួន នៅថ្ងៃចន្ទសប្តាហ៍នេះ បានប្តេជ្ញាថា នឹងពង្រឹងសមត្ថភាពប្រព័ន្ធថែទាំសុខភាព ហើយមិនដាក់វិធានការបិទប្រទេសទៀតទេ។

លោក ម៉ាកូស បន្តថា លើសពីបញ្ហានៃជំងឺរាតត្បាត តម្រូវការសម្រាប់ប្រព័ន្ធថែទាំសុខភាពដែលរឹងមាំជាងនេះ គឺបង្ហាញឱ្យឃើញដោយខ្លួនឯង។ យើងត្រូវនាំយកសេវាវេជ្ជសាស្រ្តជូនប្រជាពលរដ្ឋ និងមិនរង់ចាំឱ្យពួកគេមកមន្ទីរពេទ្យ និងមណ្ឌលថែទាំសុខភាពរបស់យើងឡើយ។

លោក ម៉ាកូស បន្តថា មូលដ្ឋានគ្រឹះមួយនៃប្រព័ន្ធថែទាំសុខភាពដ៏រឹងមាំមួយ គឺការផ្តល់អ្នកជំនាញផ្នែកវេជ្ជសាស្ត្រដែលមានសមត្ថភាព និងប្រសិទ្ធភាព។ លោកថា យើងនឹងខិតខំប្រឹងប្រែងទាំងអស់ដើម្បីលើកកម្ពស់សុខុមាលភាពរបស់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិក និងគ្រូពេទ្យជួរមុខផ្សេងទៀត។

ប្រធានាធិបតីហ្វីលីពីនរូបនេះបន្ថែមថា យើងនឹងមិនប្រកាសពីការបិទប្រទេសទៀតទេ… យើងត្រូវធ្វើឱ្យមានតុល្យភាពផ្នែកសុខភាពរបស់ប្រជាជន និងសេដ្ឋកិច្ចហ្វីលីពីន។
គួរបញ្ជាក់ថា ហ្វីលីពីនបានរាយការណ៍ពីចំនួនករណីឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុតនៅថ្ងៃទី១៥ ខែមករាកន្លងទៅ ដោយមានករណីឆ្លងរហូតដល់ ៣៩,០០៤ករណី។

ប្រទេសនេះបានទទួលរងគ្រោះពីរលកកូវីដ១៩ចំនួន៤លើកចាប់តាំងពីជំងឺរាតត្បាតនេះបានផ្ទុះឡើងក្នុងឆ្នាំ២០២០។ ប្រទេសហ្វីលីពីនដែលមានប្រជាជនប្រហែល ១១០លាននាក់ បានចាក់វ៉ាក់សាំងយ៉ាងពេញលេញដល់មនុស្សជាង៧១.៤លាននាក់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner