មនុស្សស្លាប់ ៣១០នាក់ និងជិត ៣០០នាក់ទៀតរបួសនៅប៉ាគីស្ថាន ដោយសារគ្រោះទឹកជំនន់បង្កពីភ្លៀងធ្លាក់ខ្លាំង

អ៊ីស្លាម៉ាបាដ៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) បានបញ្ជាក់ថា មនុស្សប្រហែល ៣១០នាក់បានស្លាប់ និង ២៩៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងឧប្បត្តិហេតុទាក់ទងនឹងភ្លៀងធ្លាក់ខ្លាំងដាច់ដោយឡែកពីគ្នានៅប៉ាគីស្ថាន ចាប់តាំងពីថ្ងៃទី១៤ ខែមិថុនាកន្លងមក ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបន្តវាយប្រហារប្រទេសនេះ។

អាជ្ញាធរ NDMA របស់ប៉ាគីស្ថានបានបញ្ជាក់នៅក្នុងរបាយការណ៍ស្តីពីស្ថានភាពមួយ ដែលបានចេញផ្សាយនៅថ្ងៃអាទិត្យសប្តាហ៍មុនថា ស្ត្រី និងកុមារសរុបចំនួន ១៧៥នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ ហើយថា ភ្លៀងបានធ្វើឱ្យខូចខាតផ្នែកខ្លះ ឬទាំងស្រុងដល់លំនៅដ្ឋានជិត ៨,៩៧៩កន្លែង រួមជាមួយស្ពានចំនួន ៤៨ និងហាងលក់ទំនិញជាច្រើនទៀតនៅទូទាំងប្រទេស។

បើតាមអាជ្ញាធរ NDMA ការខូចខាត និងជនរងគ្រោះភាគច្រើនត្រូវបានរាយការណ៍ពីខេត្តបាឡូឈីស្ថាន ភាគនិរតីរបស់ប្រទេស ជាទីដែលមនុស្ស ១០០នាក់បានស្លាប់ និង ៥៧នាក់ទៀតរងរបួស ដោយសារភ្លៀងមូសុងដែលបង្កជាទឹកជំនន់ភ្លាមៗ ខណៈដែលសកម្មភាពជួយសង្គ្រោះ និងផ្តល់ជំនួយកំពុងដំណើរការ។

បច្ចុប្បន្នទីភ្នាក់ងារនេះបាននិងកំពុងផ្តល់កញ្ចប់អាហារ តង់ សម្ភារៈផ្ទះបាយ មុង សម្ភារៈអនាម័យ ភួយ និងក្រណាត់ដល់ជនរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់នៅទូទាំងប្រទេស។ ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ បានបង្កឱ្យមានការជន់លិចនៅក្នុងទីក្រុងធំៗមួយចំនួនរបស់ប្រទេសប៉ាគីស្ថាន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner