អាស៊ាន បង្ហាញក្តីតក់ស្លុត ដោយសារការប្រហារជីវិត សកម្មជនបក្សប្រឆាំង បួននាក់ នៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ ប្រធានអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ដោយបង្ហាញក្តីតក់ស្លុត និងសោកសៅ ចំពោះការប្រហារជីវិត សកម្មជនបក្សប្រឆាំង បួននាក់ នៅមីយ៉ាន់ម៉ា ។

សេចក្ដីថ្លែងការណ៍ មានខ្លឹមសារដូច្នេះថា៖ អាស៊ាន ពិតជាមានក្តីតក់ស្លុត និងសោកសៅយ៉ាងក្រៃលែង ដោយសារការប្រហារជីវិតសកម្មជន បក្សប្រឆាំងចំនួន ០៤រូប ដែលក្នុងនោះរួមមានលោក ភូហ្សេ ថ ,លោក ក្បូរមីនយូ , លោក ឡា មីយូ អោង និងលោក អោង ធូរ៉ា ហ្ស បើទោះបីមានការស្នើសុំឱ្យពិចារណាឡើងវិញលើសេចក្តីសម្រេចផ្តន្ទាទោសលើជនទាំងនោះ ដោយផ្ទាល់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាសំណូមពរពីសំណាក់ រដ្ឋសមាជិកអាស៊ានដទៃទៀត យ៉ាងណាក្តី។ នេះជាបញ្ហាដែលអាស៊ានយកចិត្តទុកដាក់យ៉ាងខ្លាំង។

ខណៈដែលមានការទទួលស្គាល់នូវភាពស្មុគស្មាញនៃវិបត្តិ ព្រមទាំងកំដៅទោសៈមោហៈផ្ទុះឡើង គ្រប់ទិសទីក្នុងប្រទេសមីយ៉ាន់ម៉ា អាស៊ានជារួមបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់មានការអត់ទ្រាំ និង ភាពអត់ធ្មត់ជាអតិបរិមា ហើយខិតខំជៀសវាងមិនធ្វើឲ្យជម្លោះរីករាលដាលកាន់តែខ្លាំង ។ ការអនុវត្តទោសប្រហារជីវិត តែមួយសប្ដាហ៍មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ គឺ ជាទង្វើរមិនអាចអត់ឱនបានធ្ងន់ធ្ងរណាស់ ព្រោះវាបានទាញថយក្រោយនូវវឌ្ឍនភាព និងថែមទាំង សបញ្ជាក់ច្បាស់ពីកង្វះឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែង ជាពិសេសរបស់ប្រធានអាស៊ាន ក្នុងការជួយ ពន្លឿនវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ពោលគឺការកសាងភាពជឿជាក់ និងទំនុកចិត្ត ដើម្បីឲ្យធ្វើមានកិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ សំដៅបញ្ចប់អំពើហិង្សា និងសម្រាលទុក្ខវេទនារបស់ប្រជាជនស្លូតត្រង់។

អាស៊ាននៅតែប្រកាន់ខ្ជាប់គោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងជា ឯកច្ឆន្ទ៥ចំណុច។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាសូមលើកបន្ទរនូវសម្លេងដ៏លើសលុបក្នុង មជ្ឈដ្ឋានអាស៊ាន ក៏ដូចជាសហគមន៍អន្តរជាតិ ដែលជំរុញឱ្យអាជ្ញាធរទីក្រុងណៃពិដោ ចាត់វិធាន ការជាក់ស្ដែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចឱ្យបានពេញលេញ និងបកបដោយ ប្រសិទ្ធភាព យើងសូមអំពាវនាវយ៉ាងខ្លាំងក្លា និងជាបន្ទាន់ដល់ភាគីទាំងអស់ឱ្យជៀសវាងនូវ សកម្មភាពទាំងឡាយណាដែលធ្វើឱ្យវិបត្តិនៅមីយ៉ាន់ម៉ាកាន់តែធ្លាក់ដុនដាប រារាំងដល់ការសន្ទនា ដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព សន្តិសុខ និង ស្ថិរភាព ទាំងនៅមីយ៉ាន់ម៉ា និងក្នុងតំបន់ទាំងមូល។

អាស៊ាននៅតែតាំងចិត្តបន្តរិះរកវិធីសាស្ត្រជួយមីយ៉ាន់ម៉ាឱ្យត្រឡប់ទៅរកប្រក្រតីភាព និងដំណើរ ការកែប្រែទៅរកលទ្ធិប្រជាធិបតេយ្យ ហើយស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធីចំពោះ វិបត្តិបច្ចុប្បន្ន តាមរយៈកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន ដែលដឹកនាំដោយមីយ៉ាន់ម៉ា និងជារបស់ មីយ៉ាន់ម៉ាខ្លួនឯង ស្របទៅតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងធម្មនុញ្ញអាស៊ាន។ ទាំងនេះ គឺជាតម្រូវការបន្ទាន់ ដើម្បីទប់ស្កាត់ការបាត់បង់ជីវិតមនុស្សកាន់តែច្រើន និងបំបាត់នូវទុក្ខវេទនា របស់ប្រជាជន ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner