ប្រធានសហព័ន្ធគុនដាវ មើលឃើញសញ្ញាវិជ្ជមាន ក្រោយបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ
(ភ្នំពេញ)៖ឯកឧត្តម តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា បានអះអាងថា វិស័យកីឡាមួយនេះ កំពុងភាពរីកចម្រើន និងមានការទទួលស្គាល់កាន់តែទូលំទូលាយ បន្ទាប់ពីមានកីឡាករ-កីឡាការិនី និងក្លិបចូលរួមប្រកួតប្រជែងច្រើន នៅក្នុងការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ កាលពីចុងសប្ដាហ៍កន្លងទៅ ។
ប្រធានសហព័ន្ធខាងលើ បន្ដថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានកីឡាករ-កីឡាការិនី ៥៥នាក់ មកពី ១១ក្លិបចូលរួម បើធៀបកាលពីសហព័ន្ធកកើតដំបូងៗ គឺខុសគ្នាឆ្ងាយ ដែលមានក្លិបចូលរួមប្រមាណ ២ ឬ ៣ក្លិបប៉ុណ្ណោះ ។ ដូច្នេះនេះគឺជាការទទួលស្គាល់មួយ ដែលបញ្ជាក់ថា វិស័យកីឡាគុនដាវកម្ពុជា កំពុងមានការអភិវឌ្ឍន៍ និងរីកចម្រើនគួរឲ្យកត់សម្គាល់ ។
យ៉ាងណាក្ដីឯកឧត្តម តែ ឡូរិន បានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមប្រកួត ទោះបីទទួលបានជ័យលាភីក្ដី ឬអត់ក្ដី ត្រូវបង្កើនការខំប្រឹងឲ្យកាន់តែខ្លាំង ដើម្បីអភិវឌ្ឍន៍សមត្ថភាព ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដ្បិតកីឡាគុនដាវ ក៏ត្រូវបានអនុម័តរួចរាល់ ដាក់ក្នុងកម្មវិធីប្រកួត នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះផងដែរ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាគុនដាវជើងឯកថ្នាក់ជាតិនេះ គឺមានរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី២៣-២៤ ខែកក្កដា នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលប្រកួតលើ ៦វិញ្ញាសា ។ ជាលទ្ធផលក្លិបហូសាណា ដណ្ដើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស ៤ ប្រាក់ ១ និងសំរឹទ្ធ ៤ ខណៈក្លិបសន្ធរម៉ុក ឈរលេខ២ ដណ្ដើមបានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ និងក្លិបផេនដា ឈរលេខ៣ ដណ្ដើមបានមេដាយមាស ១ និងប្រាក់ ១គ្រឿង ៕ ចាន់ វិចិត្រ


















