លោក ហ្សេលេនស្គី ចោទរុស្ស៊ីថា កំពុងធ្វើសង្គ្រាមឧស្ម័នប្រឆាំងនឹងអឺរ៉ុប
កៀវ៖ អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានធ្វើសង្រ្គាមឧស្ម័នប្រឆាំងនឹងអឺរ៉ុប ក៏ដូចជាកាត់បន្ថយការផ្គត់ផ្គង់ដើម្បីបង្កអំពើភេរវកម្មលើប្រជាជន។ ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បានប្រកាសថា ខ្លួនបាននិងកំពុងកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសអាល្លឺម៉ង់ ក្រោមហេតុផលការងារថែទាំទួរប៊ីនបំពង់បង្ហូរឧស្ម័ន Nord Stream 1។
ទន្ទឹមគ្នា រដ្ឋាភិបាលអាល្លឺម៉ង់បានឆ្លើយតបថា គ្មានហេតុផលបច្ចេកទេសក្នុងការកំណត់ការផ្គត់ផ្គង់ឧស្ម័នទេ ដោយនោះប្រហែលជាស្ថិតក្រោមហេតុផលនយោបាយ។
ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា នេះគ្រាន់តែជាការគំរាមកំហែងឧស្ម័នប្រឆាំងនឹងសហភាពអឺរ៉ុបប៉ុណ្ណោះ។ លោកថា ការគំរាមកំហែងឧស្ម័នរបស់អឺរ៉ុបដែលកាន់តែអាក្រក់ជារៀងរាល់ខែគឺត្រូវការដោយរដ្ឋភេរវករ (រុស្ស៊ី) ដើម្បីធ្វើឱ្យជីវិតប្រជាជនរបស់អឺរ៉ុបទាំងអស់កាន់តែអាក្រក់។
លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា នេះគឺជាសង្រ្គាមឧស្ម័នដ៏ហួសប្រមាណដែលរុស្ស៊ីកំពុងធ្វើប្រឆាំងនឹងសហភាពអឺរ៉ុប។
ក្រុមហ៊ុន Gazprom បានឱ្យដឹងថា ការកាត់បន្ថយការផ្គត់ផ្គង់ចុងក្រោយបំផុតនឹងចាប់ផ្តើមនៅថ្ងៃពុធសប្តាហ៍នេះ ដោយសារតែលក្ខខណ្ឌបច្ចេកទេស។
ការថយចុះជាបន្តបន្ទាប់នៃការផ្គត់ផ្គង់ឧស្ម័ន តាមរយៈបំពង់បង្ហួរប្រេង Nord Stream 1 នេះ ទំនងជាធ្វើឱ្យបណ្តាប្រទេសនៅអឺរ៉ុបមានការលំបាក ក្នុងការបំពេញឃ្លាំងឧស្ម័នឡើងវិញមុនរដូវរងា នៅពេលការប្រើប្រាស់ឧស្ម័នកាន់តែខ្ពស់៕ ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និងបុត្រា




