ជនបរទេសម្នាក់របួសធ្ងន់ បន្ទាប់ពីរថយន្តកាមរីហាយប្រីតមួយគ្រឿងទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងធ្វើឲ្យរថយន្តខ្ទេចស្ទើរទាំងស្រុង

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីបើករថយន្តកាមរីហាយប្រីតយ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចស្ទើរតែទាំងស្រុង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចស្តុបមេភ្លើង តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុនោះគឺ គេឃើញរថយន្តម៉ាក Toyota Camry ហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BI-4127 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់អស់ចំនួន០២កង់ រីឯរថយន្តបានខ្ទៀតទៅចំណែកផ្លូវម្ខាងទៀតដាច់បំពង់សុីមាំង ដាច់កង់មុខទាំងសងខាង និងផ្នែកខាងមុខខ្ទេចស្ទើរទាំងស្រុង ។

ក្រោយកើតហេតុភ្លាម គេសង្កេតឃើញបុរសម្នាក់ជាជនជាតិចិនដែលតៃកុងរថយន្តបង្កបានបាក់ជើងម្ខាងរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានប្រជាពលរដ្ឋទាក់ទងរថយន្តសាមុយដឹកជនរងគ្រោះយកទៅព្យាបាលសង្គ្រោះជីវិត ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះមកដល់ និងទាក់ទងជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំចាត់ការបន្តតាមច្បាប់ ៕ ដោយ ៖ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner